កម្ពុជា-ថៃ វាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការ បន្តសម្របសម្រួលការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជា-ថៃ បានធ្វើការវាយតម្លៃខ្ពស់ និងផ្លាស់ប្ដូរមតិយោបល់លើកិច្ចសហប្រតិបត្តិការ ដើម្បីបន្តសម្របសម្រួលការឆ្លងកាត់ព្រំដែន កាន់តែមានភាពជិតស្និទ្ធបន្ថែម ដើម្បីងាយស្រួលក្នុងការធ្វើដំណើររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។នេះបើយោងតាមជំនួបរវាងលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា កាលពីព្រឹកទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះលោក បានសម្ដែងនូវការថ្លែងអំណរគុណ ចំពោះ លោក ឯកអគ្គរាជទូត ដែលជានិច្ចជាកាល តែងយកចិត្តទុកដាក់ និងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ស្ថាប័ន។

ជាការឆ្លើយតប លោក ឯកអគ្គរាជទូត ក៏បានសម្ដែងនូវការថ្លែងអំណរគុណ ជូនចំពោះ លោករដ្ឋលេខាធិការប្រចាំការវិញ ដែលបាន អនុញ្ញាតឱ្យលោក និងសហការីចូលជួបពិភាក្សាការងារ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីបម្រើផលប្រយោជន៍រួមសម្រាប់ភាគីកម្ពុជា និងភាគីថៃ។

ជាមួយគ្នានោះ ភាគីទាំងពីរ បានវាយតម្លៃ និងផ្លាស់ប្ដូរមតិយោបល់លើកិច្ចសហប្រតិបត្តិការ ដើម្បីបន្តសម្របសម្រួលការឆ្លងកាត់ព្រំដែន និងការរស់នៅរវាងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររវាងប្រជាជន និងប្រជាជន៕