កំពង់ស្ពឺ៖ ប្រតិបត្តិការបង្រ្កាបមុខសញ្ញាបក្ខពួកមេក្លោងក្រុមលួចអីវ៉ាន់តាមបណ្ដារោងចក្រ សហគ្រាសក្នុងខេត្ដកំពង់ស្ពឺត្រូវបានជំនាញពាក់ព័ន្ធកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការនីតិវិធីបន្ដ ។ នេះ បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣។
ប្រភពដដែលនេះ បញ្ជាក់ថានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចរោងចក្រ Wester Fashion Cambodia ស្ថិតនៅភូមិវត្ដភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គឺមុនីជ័យ ខេត្ដកំពង់ស្ពឺ ( តាមផ្លូវជាតិលេខ៥១ ) មានករណីលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយដំបូលស័ង្គី ជញ្ជាំងបង្កឡើងដោយជនល្មើសមួយក្រុមមិនស្គាល់អត្ដសញ្ញាណ និងបាត់បង់សម្ភារៈទំនិញមួយចំនួនធំ គឹតជាទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ។
ក្រោយហេតុការណ៍ខាងលើ ដោយមានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី ពីលោក សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងបានការដឹកនាំផ្ទាល់ពីលោកស្នងការរង ទទួលជំនាញព្រហ្មទណ្ឌ អធិការស្រុកសាមគ្គឺមុនីជ័យ ព្រមទាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបក្ខពួកមេក្លោងបានចំនួន ០៥នាក់ រួមជាមួយមេក្លោងម្នាក់ដែលសង្ស័យក្នុងអំពើលួច ផ្ដល់មធ្យោបាយសម្ភារៈ និងទទួលយកសម្ភារៈដែលលួចបានឈ្មោះ ម៉ន ជាតិ ភេទប្រុស មុខរបរ ជានគរបាលជាតិ និងជាម្ចាស់ហាងលក់សំលៀកបំពាក់យីហោ “ឡេង ម៉ាណា” មានអសយដ្ឋាន ផ្ទះលេខ ១០៥ ភូមិថ្លាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ដោយបានការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ជំនាញព្រហ្មទណ្ឌខេត្ដ សហការត្រួតពិនិត្យឆែកឆេរនៅទីតាំងសង្ស័យ បានរកឃើញសម្ភារៈសង្ស័យ ថាជាវត្ថុតាងបទល្មើសលួចចេញពីទីតាំងក្រុមហ៊ុន រោងចក្រ មួយចំនួនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ រីឯម្ចាស់ផ្ទះ យីហោ ឡេង ម៉ាណា ដែលគេដឹងថា ( ម៉ន ជាតិ )យោងតាមចម្លើយបក្ខពួកឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចនាថៃ្ងនេះបញ្ជាក់ថាជាមេក្លោងក្នុងអំពើលួចគឺ គេចខ្លួនមុនសមត្ថកិច្ចអនុវត្ត។
សូមបញ្ជាក់ថា ករណីគាស់លួចយកសំលៀកបំពាក់នៅតាមបណ្ដារោងចក្រ សហគ្រាស គឺកើតឡើងជាញឹកញាប់និងមានអំណោយផលគឺ ទីផ្សាទទួលផលចោរកម្មនេះឯង ដែលមេក្លោងជាមុខសញ្ញា ហឺហាសម្ភារៈនិយម និងមានបក្ខពួកជា…. អ្នកប្រព្រឹត្ដមានខ្សែររយៈចាត់តាំងជាប្រព័ន្ធ ដោយសារតែ បុគ្គលិកសន្ដិសុខឯកជន មួយចំនួនតូចបានប្រព្រឹត្ដបទល្មើសផ្ទុយពីគោលការណ៍ សច្ចធម៌ គុណធម៌៕