ឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហឹង្សា

ភ្នំពេញៈ ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចំនួន០២ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់។ ការឃាត់ខ្លួនជនសង្ស័យនេះ  អនុវត្តតាមបទបញ្ជារបស់លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា​ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា  ចំនួន០២ករណី។

ប្រភពដដែលនេះ បន្ថែមថា ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ ១GE-៥៧៩០ ទទួលរងនូវការខូចខាត ខណៈ វត្ថុតាងចាប់យកមានដូចជា ដាវដែកវៀចផ្លែ មានប្រវែង៥៩សង់ទីម៉ែត្រ ចំនួន ០១ដើម, អាវធំក្រណាត់ ពណ៌ ក្រឡាស និងខ្មៅ ចំនួន ០១,  ស្រោមដាវធ្វើពីស្បែក ពណ៌ សូកូឡាប្រវែងកន្លះម៉ែត្រ, ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកណ្តាល១AP-៥៣០៧, ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ (ប្តូរអាវដាក់ពណ៌ស) សេរីឆ្នាំ២០២២ ពាក់ផ្លាក់លេខកំពង់ធំ   ១S-៥៨២៧។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕