ផ្លូវវាងនៅលើកំណាត់ផ្លូវជាតិលេខ៧៦ ត្រូវបានបើកឱ្យធ្វើចរាចរណ៍សម្រាប់រថយន្តគ្រប់ប្រភេទហើយ

មណ្ឌលគិរី៖ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នកាលពី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។

បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញ បានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម បានលទ្ធផល១០០% ចំណែកការស្ថាបនាប្រឡាយ Rip-Rap និងលូកាត់ទទឹងផ្លូវ សម្រេចបាន ៦០% ខណៈការបំពាក់បរិក្ខារចរាចរណ៍ ដាំបង្គោលនាំផ្លូវចំនួន ៦២៣ដើម សម្រេចបានលទ្ធផល ២៨%។ សរុបជារួម ការងារនេះសម្រេចបានលទ្ធផល ៦២% និងបានបើកឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ។

គួររំលឹកដែរថា ផ្លូវជាតិលេខ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។ គិតចាប់ពីពេលស្ថាបនារួចមក មានរយៈពេលជាង១២ឆ្នាំ ផ្លូវជាតិលេខ៧៦នេះ មិនធ្លាប់មានការខូចខាត ដែលតម្រូវឱ្យមានការជួសជុលម្តងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមក ដោយមន្ទីរជំនាញ៕