ភ្នំពេញ៖ លោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារំាង អញ្ជើញសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានសភាជាស្រ្តី នៅប្រទេសបារំាង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងរកមធ្យោបាយដោះស្រាយបញ្ហានានារបស់ស្រ្តីដែលកំពុងជួបប្រទះ។ នេះ បើតាមលោក ហ្សាក់ ប៉ឺឡេ (Jacgues Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ចូលជួបពិភាក្សាការងារជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៃ កម្ពុជា នៅ ទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
លោក ហ្សាក់ ប៉ឺឡេ បញ្ជាក់ថា វេទិកាដ៏សំខាន់នេះនឹងមានប្រធានសភាជាស្រ្តី នៅទូទំាងពិភពលោកប្រមាណ៤០ប្រទេសចូលរួម ដើម្បីពិភាក្សា ចែករំលែកនូវឧត្តមានុវត្ត និងស្វែងរកដំណោះស្រាយ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធិស្រ្តី សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី។
ជាមួយគ្នានោះលោកហ្សាក់ ប៉ឺឡេ បញ្ជាក់ថា វត្តមានសម្តេចប្រធានរដ្ឋសភា នៅក្នុងវេទិកានេះមានសារៈសំខាន់បំផុតដល់ការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាចូលរួមរកដំណោះស្រាយបញ្ហានានារបស់ស្រ្តី ដែលបានកំពុងជួបប្រទះ មានជាអាទិ៍ អំពើហិង្សាលើស្រ្តី វិសមភាពការអប់រំ បញ្ហាសុខភាពជាដើម។ នៅកំឡុងពេលចូលរួមវេទិកានេះ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងនឹងមានជំនួបជាមួយសមភាគីនៃរដ្ឋសភាបារំាង ដើម្បីជំរុញវឌ្ឍនៈភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។
ជាការឆ្លើយតប សម្តេច ឃួន សុដារី បានទទួលយកការអញ្ជើញនេះនិងបានថែ្លងអំណរគុណដល់ លោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារំាង ដែលបានគោរពអញ្ជើញសម្តេចទៅចូលរួមវេទិកាដ៏សំខាន់នេះ។ សម្តេច បានលើកឡើងថា នៅក្នុងបរិបទដែលពិភពលោកបានកំពុងជួបប្រទះនូវការប្រទាញប្រទុងគ្នាលើបញ្ហាភូមិសាស្រ្តនយោបាយ ការផ្ទុះឡើងនូវសង្រ្គាម អំពើហិង្សា ព្រមទំាងបញ្ហាជំងឺរាតត្បាតនានា រួមទំាងការប្រែប្រួលអាកាសធាតុផងនោះ បានធ្វើឱ្យស្រ្តី និងកុមារី ងាយនឹងរងគ្រោះជាងគេ។ វេទិកាដែលរដ្ឋសភាបារំាងនឹងរៀបចំនោះ ពិតជាមានសារៈសំខាន់ និងអាចឆ្លើយតបចំពោះបញ្ហាជាក់ស្តែង។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និង ឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនងដ៏ល្អ ជាប្រវត្តិសាស្រ្តនិងប្រពៃណីរវាងប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ ហើយត្រូវបានពូនជ្រំជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។
ជាមួយគ្នានោះដែរ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសបារំាងដែលបានគំាទ្រកម្ពុជាតំាងពីដើមមក ជាពិសេសនៅក្នុងពេលនៃជំងឺរាតត្បាតកូវីដ១៩ បារំាងបានជួយបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តនិងផ្តល់ជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា បារំាងជាប្រទេសមួយ ដែលបានចូលរួមកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពដល់កម្ពុជា ដូចជាវិស័យ ច្បាប់ សុខាភិបាល កសិកម្ម ការអភិវឌ្ឍជនបទ ទឹកស្អាត បច្ចេកវិទ្យា ជាដើម។ សិស្សនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសបារំាង បានក្លាយជាថ្នាក់ដឹកនាំក្រសួងស្ថាប័នជាច្រើននៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ មានធនធានមនុស្សភាគច្រើនជាយុវជន ដែលមានចំណេះដឹង ភាពស្វាហាប់ និងឆន្ទះមុះមុត នៅក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដោយផ្តល់ជាអាទិភាពលើសុខភាពពលរដ្ឋ ហើយយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុស្សជាគន្លឹះ។
នៅក្នុងឱកាសនោះ សម្តេច ឃួន សុដារី កូបានស្នើដល់រដ្ឋាភិបាលប្រទេសបារំាងជួយបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសបារំាងឱ្យបានចំនួនច្រើនឡើង និងជួយលើកកម្ពស់ពាណិជ្ជកម្មប្រទេសទំាងពីរ ជួយកៀរគរអ្នកទេសចរនិងអ្នកវិយោគទុនបារំាងមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនឡើង ព្រមទំាងជួយលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតបារំាង បានគំាទ្រនិងទទួលយកសំណើរបស់សម្តេចប្រធានរដ្ឋសភា។ ជាមួយគ្នានេះ លោកបានសម្តែងការជឿជាក់ថាក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាពនិងថាមពល កម្ពុជានឹងទទួលបាននូវការរីកចម្រើន កាន់តែឆាប់រហ័ស។
គួររម្លឹកថា ថ្នាក់ដឹកនាំកម្ពុជា មានសម្តេច ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីខែធ្នូ ឆ្នាំ២០២២ ហើយកាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារំាងផងដែរ។ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងដំណើរទស្សកិច្ចរបស់ សម្តេច ហ៊ុន សែន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលជាទីបំផុត ពី លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង៕