ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានអះអាងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បុកបណ្តាលឱ្យបុរសម្នាក់ស្លាប់ ហើយរត់គេខ្លួន មិនព្រមដោះស្រាយ ត្រូវបាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។
ការអះអាងរបស់លោក ជិន ម៉ាលីន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីករណីបុកស្លាប់ ហើយរត់គេចខ្លួន មិនចូលខ្លួនដោះស្រាយ ត្រូវបានជនរងគ្រោះជាភរិយាបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសស្វែងរកយុត្តិធម៌ ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមចែករំលែក និងបណ្តាញព័ត៌មាននានាចុះផ្សាយព្រោងព្រាត។
លោក ជិន ម៉ាលីន បានរសេរថា៖«ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់»។
ស្ត្រីរងគ្រោះជាភរិយាបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះជាភាសាអង់គ្លេស JUPPY ថា “លោកព្រហ្ម វិចិត្រសុភា លោក ព្រហ្ម វិចិត្រសុភា លោកចូលបុណ្យសព១០០០$ ហើយលោកសូមអោយដកពាក្យបណ្តឹង បើមិនដកនិងខូចអនាគតទាំងសងខាង លោកចង់គំរាមហ៎? ហើយលោកមកប្រាប់ពួកខ្ញុំដែលជាគ្រួសារសពអោយកាត់ចិត្តទៅ ???
ស្ត្រីខាងលើនេះ បន្ថែមថា លោក ព្រហ្ម វិចិត្រសុភា ខ្ញុំឱ្យលោកបែបនិងវិញលោកព្រមអត់ ???បើសិនជារូបសពជារូបកូនលោកតើលោកមានអារម្មណ៍បែបណា?? លោកកាត់ចិត្ត និងទទួលយកបានទេ ??? លោកនិងក្រុមគ្រួសារ ជាពិសេសកូនរបស់លោកព្រហ្ម វិចិត្រសុសក្តា (ឃាតករ) តើលោកហែលទឹកភ្នែកពួកខ្ញុំរួចទេ ?? ខ្ញុំមិនឱ្យប្តីល្អរបស់ខ្ញ៉ំស្លាប់ទៅបែបនេះទេ យុត្តិធម៌ត្រូវតែមានសំរាប់ប្តីខ្ញុំ បាបបកម្មនិងធ្លាក់ទៅលើលោកនិងក្រុមគ្រួសារលោក ជាពិសេសអាឃាតករ អាតិរិច្ឆាន”៕