ទីក្រុងតូក្យូ៖ លោកអ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀតពីប្រទេសកម្ពុជា។
ក្នុងជំនួបជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានជម្រាបជូនសម្ដេច អំពីសកម្មភាពរបស់សម្ព័ន្ធសភា ដែលកន្លងមកបានសហការបំពេញការងារយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា ឱ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសលើវិស័យអាទិភាពមួយចំនួន រួមមានជាអាទិ៍÷វិស័យកសិកម្ម, សុខាភិបាល, ថាមពល, ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម ។
ពាក់ព័ន្ធនឹងផលិតផលកសិកម្ម លោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានគូសបញ្ជាក់ថា «ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា»។
ជាការឆ្លើយតប សម្តេច បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៧០ នៃចំណងការទូត និងជាឆ្នាំដ៏ពិសេសដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានដំឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏បានរំឭកផងដែរអំពីការជួយឧបត្ថម្ភគាំទ្ររបស់ជប៉ុន នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រាប់ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព ។
ក្នុងន័យនេះ សម្តេច នាយករដ្ឋមន្រ្តី ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពរឹងមាំ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ទាំងក្នុងផ្នែកស្ថាប័ននីតិប្បញ្ញត្តិ, ស្ថាប័ននីតិប្រតិបត្តិ, ធុរកិច្ច និងធុរកិច្ច ក៏ដូចជារវាងប្រជាជន និងប្រជាជន ព្រមទាំងបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះប្រទេសជប៉ុន ត្រូវបានរក្សាដូចអាណត្តិមុនៗផងដែរ គឺការបន្តរក្សានិរន្តរភាព និងសង្គតិភាព នូវទំនាក់ទំនងដែលមានស្រាប់ ព្រមទាំងបន្តពូនជ្រំអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរនេះ ឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ៕