វត្ថុបុរាណខ្មែរ ចំនួន១៤រូប នឹងត្រូវបញ្ជូនពីអាមេរិក ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីចរចាអស់ជាច្រើនឆ្នាំ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា បន្ទាប់ពីការចរចាអស់ រយៈពេលជាច្រើនឆ្នាំ រវាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) និងក្រុមការងារកម្ពុជា ជាមួយនឹងសារមន្ទីរ MET វត្ថុបុរាណខ្មែរចំនួន ១៤រូប នៃសមុច្ច័យរបស់សារមន្ទីរ MET នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តាមរយៈកិច្ចសហការ និងការចែករំលែកព័ត៌មានរវាងក្រុមការងារកម្ពុជា និងសមត្ថកិច្ចសហរដ្ឋ អាមេរិក សារមន្ទីរ MET បានផ្ដល់ការសន្យាជាផ្លូវការមួយ ក្នុងការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណ ខ្មែរចំនួន១៤រូបនេះ ការអនុញ្ញាតឱ្យមន្ត្រីជំនាញកម្ពុជា ធ្វើកោសល្យវិច្ឆ័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត និងការពិនិត្យសិក្សាឯកសារនានាពាក់ព័ន្ធនឹងសមុច្ច័យរបស់កម្ពុជា។

|ក្នុងចំណោមវត្ថុទាំង១៤រូបដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមានស្នាដៃឯកមួយចំនួន ដូចជា៖ រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយក នៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយ នៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ, ព្រះកេសព្រះលោកេសួរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី ១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ខូក្លាស ឡាដហ្វដ (Douglas Latchford) នៅឆ្នាំ១៩៩២។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមាន ប្រសាសន៍ថា «ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់យើងពីសារមន្ទីរ MET គឺមានសារៈ សំខាន់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ ការបញ្ជូនត្រឡប់មកវិញនេះ គឺមានអត្ថន័យធំធេងបំផុតមិនអាចពណ៌នាបាន ដែលជាការព្យាបាលរបួស ផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា ។ យើងសូមឱ្យសារៈមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជនដទៃទៀត ធ្វើការទាក់ទងមកយើងខ្ញុំ ដើម្បីពិក្សាពីសម្បត្តិវប្បធម៌ខ្មែរដែលពួកគេមាន»។

|ជាមួយគ្នានោះ លោកស្រី រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិ វប្បធម៌ជាតិនេះ បង្ហាញជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញ នូវដួងព្រលឹងដូនតារបស់កម្ពុជា ដែលបានឃ្លាតចាកឆ្ងាញពីដែនដីកំណើតរបស់ខ្លួន៕