ក្រសួងកសិកម្ម កំពុងជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីជួយកសិករ

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួង កំពុងជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីជួយកសិករ ទាំងបញ្ហាបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ។

ក្នុងជំនួបជាមួយលោក Matthieu LE GRIX នាយកផ្នែកកសិកម្ម អភិវឌ្ឍន៍ជនបទ ជលផល និងជីវៈចម្រុះ នៃភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម។

ក្នុងឱកាសនោះ លោក ឌិត ទីណា បានស្វាគមន៍ចំពោះ AFD ពីកិច្ចសហប្រតិបត្តិការ និងគម្រោងអភិវឌ្ឍក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

ជាមួយគ្នានោះ លោក ឌិត ទីណា បានគូសបញ្ជាក់ថា រាល់គម្រោងអភិវឌ្ឍត្រូវមានការសិក្សា និងធ្វើឱ្យចំគោលដៅ ស្របតាមគោលនយោបាយ ធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់តម្លៃ កាត់បន្ថយថ្លៃដើម ទទួលបានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។

លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍត្រូវមានការចូលរួម និងដឹកនាំអនុវត្តដោយក្រសួង ដើម្បីធានានូវប្រសិទ្ធភាពការគ្រប់គ្រង និងមានភាពម្ចាស់ការក្នុងការអនុវត្តស្របតាមគោលនយោបាយពិតប្រាកដ។

លើសពីនេះទៀត លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ក្រសួងបាន បាននិងកំពុងជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីជួយកសិករ ទាំងបញ្ហាបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»៕