ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
បើតាមគ.ជ.ប បន្ទាប់ពីបានពិនិត្យលើឯកសារ និងស្តាប់របាយការណ៍របស់អង្គភាពជំនាញរួចមក អង្គប្រជុំ គ.ជ.បនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ នេះ បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សឆន្ទៈខ្មែរ ដែលមាន ៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស-តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ជាមួយគ្នានោះ គ.ជ.ប ក៏បានទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សកម្លាំងជាតិ ដែលមាន ៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស-តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ដោយឡែក គ.ជ.ប បានចេញលិខិតជូនដំណឹងទៅ គណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាត។ ខ្លឹមសារក្នុងលិខិតនោះ បានបញ្ជាក់ថា ចំណុចខ្វះខាតដែលគណបក្សត្រូវបំពេញបន្ថែម មានដូជាសេចក្តីប្រកាសអំពីគណនីធនាគារ ដែលគណបក្សនយោបាយបានទុកប្រាក់ចំណូលផ្សេងៗ រួមមានទាំងវិភាគទានដែលបានមកពីប្រភពណាក៏ដោយ នៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីធនាគារជាតិ នៃកម្ពុជា។ បង្កាន់ដៃបង់ប្រាក់តម្កល់ ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។
ក្នុងរបៀបវារៈផ្សេងៗ ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញរួចមក អង្គប្រជុំ គ.ជ.ប សម្រេចឱ្យនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត អនុវត្តតាមសេចក្តីសម្រេចស្ថាពរ ចំនួន ៩ (ប្រាំបួន) របស់ក្រុមប្រឹក្សាឃុំ ចំនួន ៦ (ប្រាំមួយ) នៃខេត្តកំពង់ស្ពឺ ដែលសម្រេចរក្សាទុកឈ្មោះ ចំនួន ១ (មួយ) បណ្តឹង និងសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២៣ ចំនួន ៨ (ប្រាំបី) បណ្តឹង។
ឯកភាពលើរូបភាពស្ប៉តវីដេអូអប់រំរឿង ចំនួន ១ (មួយ) រឿង សម្រាប់ផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
យោងតាមប្រតិទិននៃការបោះឆ្នោត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ៕