ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានឃើញនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ហើយភ្ជាប់ជាមួយខ្លឹមសារថា «ដកកាំភ្លើងអាមេគំរាមរួចបោះពាក្យសម្ដីថា ខ្លួនធ្វើការនៅព្រហ្មទណ្ឌក្រសួង»។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ។
ដោយអនុវត្តតាមបទបញ្ជានេះ ការិយាល័យជំនាញកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត និងស៉ើបអង្កេតករណីនេះឲ្យបានម្មត់ចត់បំផុត។ ក្នុងករណីរកឃើញថា បុគ្គលនេះជាមន្ដ្រីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ នាយកដ្ឋានមិនគាំទ្រជាដាច់ខាតចំពោះការប្រព្រឹត្តបែបនេះ ដោយនឹងសុំគោលការណ៍ថ្នាក់ដឹកនាំ អនុវត្តវិន័យកងកម្លាំង។
ក្នុងករណីស្រាវជ្រាវរកឃើញថា បុគ្គលនេះមិនមែនជាកងកម្លាំង ហើយយកឈ្មោះអង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទៅប្រើប្រាស់ប្រព្រឹត្តសកម្មភាពបែបនេះ, នាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត និងឲ្យរហ័សជាទីបំផុត។
នាយកដ្ឋានព្រហ្មទណ្ឌ បានអំពាវនាវដល់ សាធារណៈជន ឬបណ្ដាញព័ត៌មាន ផ្ដល់ព័ត៌មានបន្ថែមពាក់ព័ន្ធករណីនេះ ឬអត្ដសញ្ញាណរបស់បុគ្គលខាងលើ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ និងមានមូលដ្ឋានបន្ថែមដើម្បីចាត់ការតាមផ្លូវច្បាប់៕