សម្តេច ឃួន សុដារី៖ រាល់ពេលមកដល់ប្រទេសឡាវ ខ្ញុំតែងមានអារម្មណ៍ថា ជាការមកលេងផ្ទះបងប្អូនរបស់ខ្លួន

ឡាវ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាំ  បានមានប្រសាសន៍ជម្រាបជូនថ្នាក់ដឹកនាំ សមាជិកសមាជិកានិងមន្រ្តីរាជការរដ្ឋសភាឡាវថា រាល់ពេលដែលសម្តេចអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសឡាវ តែងមានអារម្មណ៍ថា ដូចជាបានមកលេងផ្ទះបងប្អូនរបស់ខ្លួនអញ្ចឹងដែរ។

សម្តេច បានលើកឡើងដូច្នេះ នៅរាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែល លោក Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរៀបចំលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ច នៅប្រទេសឡាវ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី អ្នកភូមិផងល្អទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ លើគ្រប់វិស័យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយបន្ថែមទៀត។

លោក Xaysomphone Phomvihane បានលើកឡើងថា លើសពីអ្នកជិតខាងល្អ កម្ពុជានិងឡាវជាដន្លងនឹងគ្នា។ ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានាពេលនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទំាងពីរកាន់តែស្អិតរមួតឡើង នៅលើគ្រប់វិស័យនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរបន្ថែមទៀត។

សម្តេច ឃួន សុដារី និងលោក  Xaysomphone Phomvihane  បានវាយតម្លៃខ្ពស់លើលទ្ធផលនៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរកាលពីព្រឹកមិញសម្រេចបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ក្រោមការពិភាក្សា ផ្លាស់ប្តូរទស្សនៈ មតិយោបល់ និងបទពិសោធន៍ជាក់ស្តែង រវាងគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល ត្រង់ទៅត្រង់មក និងដោយភាពជឿទុកចិត្តលើគ្នាទៅវិញទៅមក ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹងពង្រីក និងលើកកម្ពស់នូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ មានសុទិដ្ឋិនិយម និងជំនឿយ៉ាងមុតមំាថា ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនទំាងពីរ នឹងសម្រេចបាននូវសុខដុមរមនា និងវិបុលភាព ជូនប្រជាពលរដ្ឋយើងទាំងសងខាង ទាំងពេលបច្ចុប្បន្ន និងអនាគត។

សូមជម្រាបថា  នៅមុនពិធីលៀងសាយភោជន៍ ថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភាឡាវ បានរៀបចំពិធីបែបសាសនា  សុំសេចក្តីសុខសេចក្តីចម្រើន ជូនសម្តេចប្រធានរដ្ឋសភា  និងគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់  និងបានបួងសួងសូមឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរបានគង់វង្សជានិច្ចនិរន្ត ហើយប្រទេសទំាងពីរ ទទួលបានសុខសន្តិភាព មានការអភិវឌ្ឍជារៀងរហូតតទៅ៕