កម្ពុជា-គុយបា បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយវិស័យបរិស្ថាន កាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ កម្ពុជា-គុយបា បានធ្វើការបេ្ដជ្ញាចិត្តរួមគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីលើកស្ទួយវិស័យបរិស្ថាន នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។នេះបើយោងតាមជំនួប រវាងលោកអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានថ្លែងថា ជំនួបនៅក្នុងថ្ងៃនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងក្រសួងបរិស្ថាន និងក្រសួងវិទ្យាស្ថាន និងបរិស្ថាននៅគុយបា ដើម្បីលើកស្ទួយវិស័យបរិស្ថាន។

ជាមួយគ្នានោះ លោកស្រីទូត បានសម្តែងនូវកាអបអរសាទរចំពោះលោកអ៊ាង សុផល្លែត ដែលបានអញ្ជើញចូលរួមជាតំណាងប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល G77 នៅប្រទេសចិន និងសូមជូនពរឱ្យឯកឧត្តម ទទួលបានជោគជ័យនៅក្នុងកិច្ចប្រជុំ COP-28 នៅប្រទេសឌូបៃនាពេលខាងមុខនេះ។

ជាការឆ្លើយតប លោកអ៊ាង សុផល្លែត ក៏បានសម្ដែងនូវការអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងក្រសួង និងវិទ្យាស្ថានបរិស្ថាន របស់ប្រទេសគុយបា ដែលបានយកចិត្តទុកដាក់ក្នុងវិស័យបរិស្ថាន។

លោកអ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ជាការពិតណាស់ បរិស្ថានជាបញ្ហាសកល ដែលមិនអាចមើលរំលងបាន ហេតុនេះក្នុងរយៈពេល ១០០ថ្ងៃ ដំបូងនៃរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបានដាក់ចេញ នូវយុទ្ធសាស្រ្តចក្រា ដែលមានការងារអាទិភាព៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។

លើសពីនេះទៀត ជាការកត់សម្គាល់ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះប្រទេសគុយបា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យនានា នៅកម្ពុជា ដែលមានជាអាទិ៍៖ វិស័យសុខាភិបាល កសិកម្ម និងវិស័យសក្តានុពលផ្សេងៗទៀតផងដែរ៕