រដ្ឋបាលខេត្តព្រះសីហនុប្រាប់ ដល់ប្រជានេសាទឱ្យចុះបញ្ជីទូកព្រោះការបញ្ចុះតម្លៃ ៥០ %​ នៅសល់៣២ថ្ងៃទៀតទេ

ព្រះសីហនុ៖ ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រះសីហនុ បាន​ជូនដំណឹង ដល់ប្រជានេសាទទាំងអស់ចំពោះការអនុគ្រោះរបស់រដ្ឋបាលខេត្ត លើការចុះបញ្ជីជលយាន(ទូកនេសាទ) នៅសល់៣២ថ្ងៃទៀតទេ។  នេះ បើតាមរដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា ការបញ្ចុះតម្លៃបង់សេវា ចំនួន ៥០% ចំពោះមុខសេវាចំនួនពីរ គឺការចុះបញ្ជីបណ្ណសម្គាល់ជលយាន និងសៀវភៅពិនិត្យបច្ចេកទេស (ឆៀក) នៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បន្តអំពាវនាវដល់ប្រជានេសាទទាំងអស់ក្នុងខេត្តព្រះសីហនុ សូមរួសរាន់ និងប្រញាប់ប្រញាល់មកចុះបញ្ជី និងពិនិត្យបច្ចេកទេសជលយាន ដើម្បីទទួលបានការលើកទឹកចិត្ត អត្ថប្រយោជន៍ និងការការពារស្របច្បាប់ពីរដ្ឋបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ប្រជានេសាទដែលមិនមានបណ្ណសម្គាល់ជលយាន និងសៀវភៅពិនិត្យបច្ចេកទេស (ឆៀក) នឹងប្រឈមវិធានការរដ្ឋបាលដូចជាការផាកពិន័យ និងមិនអនុញ្ញាតឱ្យនេសាទលើលម្ហសមុទ្រនៃខេត្តព្រះសីហនុឡើយ។