ភ្នំពេញ៖ តបតាមការអញ្ជើញ របស់លោកប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកប្រធានរដ្ឋសភានៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចយួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម (CLV)លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងភូមិផងរបងជាមួយគ្នារបស់សម្តេចយួន សុដារី នាពេលនេះ ជា ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពលើកដំបូងរបស់ សម្តេច ចាប់តាំងពីរដ្ឋសភានីតិកាលទី៧ បាន ប្រសូត្រឡើង។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាប្រពៃណី និងជាបងប្អូនរវាងប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងរវាងប្រទេសកម្ពុជាជាមួយប្រទេសឡាវ ឱ្យកាន់តែរឹងមាំគ្រប់ ជ្រុងជ្រោយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ក្នុងក្របខ័ណ្ឌរដ្ឋសភា ដំណើរទស្សនកិច្ច នាពេលនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិង ស៊ីជម្រៅនៅគ្រប់កម្រិតថែមទៀត ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាជាស្ត្រី សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ មិនត្រឹមតែលើកកម្ពស់ដល់វិស័យការទូតសភានោះទេ ប៉ុន្តែនឹងចូលរួមចំណែកលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជាពិសេស ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលនឹងនាំមកនូវផលប្រយោជន៍ជូន ប្រទេសនិងប្រជាជនទាំងសងខាង។
សូមជម្រាបថា សកម្មភាពការងារសំខាន់ៗ នាឱកាសនេះរួមមាន៖
១.នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៣ សម្តេចរដ្ឋសភាធិបតី យួន សុដារី គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ រួមមាន ការជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន ភូជុង (NGUYEN Phu Trong) អគ្គលេខាធិការបក្សវៀតណាម ឯកឧត្តម វូ វ៉ាន់ធូង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម រឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។ ជាមួយគ្នានេះ សម្តេច យួន សុដារី គ្រោងនឹងអញ្ជើញទៅទស្សនា ព្រះវិហារ តាម ជុក (Tam Chuc) ក្នុងខេត្តហាណាម និងទទួលជួបពិភាក្សាការងារជាមួយ លេខាបក្សខេត្តហាណាមទៀតផង។ បន្ថែមពីលើនេះ ក្នុងពេល នៃដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយភាគីវៀតណាមមួយចំនួនទៀតផងដែរ។
២. នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេច យួន សុដារី គ្រោងនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ សំខាន់ៗ រួមមាន៖ ការជួបសម្តែងការគួរសមជាមួយ លោក ថងលូន ស៊ីសូលីត (THONGLOUN Sisoulith) ប្រធានរដ្ឋឡាវ លោក សូនេសាយ ស៊ីផាន់ដន (SONESAY Siphandone) នាយករដ្ឋមន្ត្រីឡាវ និងជួបពិភាក្សា ការងារទ្វេភាគីជាមួយ លោក សាយសំកូន ភូមិវិហាន (SAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ។ ជាមួយគ្នានេះ សម្តេចប្រធារដ្ឋសភា ក៏គ្រោងនឹងទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែល កំពុងសិក្សានៅប្រទេសឡាវ។ បន្ថែមពីលើនេះ ក្នុងពេលនៃដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូក៏គ្រោង នឹងជួបពិភាក្សាការងារជាមួយភាគីឡាវមួយចំនួនទៀតផងដែរ។
៣. សម្តេច យួន សុដារី ប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ដែលមានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបីធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការនានាឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ក្នុងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៃប្រទេសទាំងបី ដែលបានបង្កើតឡើងនូវតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) កាលពីឆ្នាំ១៩៩៩ និងក្នុងគោលដៅប្រែក្លាយតំបន់ ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពស្របតាមទស្សនៈដើមរបស់ សម្តេចតេជោ ហ៊ុន សែន៕