ភ្នំពេញ៖ ក្រសួងធនធាតុទឹក និងឧតុនិយម នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជាថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ។
សេចក្តីជូនដំណឹងនេះបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទីព្រមទាំងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយនៅខេត្តតាកែវ ព្រៃវែង និងស្វាយរៀង ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០-៣០%។
ដោយឡែកនៅ តំបន់ខ្ពង់រាប នឹងមាន សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។ចំពោះ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ នៅខេត្តកំពត និងខេត្តព្រះសីហនុមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី៤០-៦០% ជាពិសេស រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕