ភ្នំពេញ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃសហការគ្នាឲ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងអំឡុងពេលដែលកម្ពុជា រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង កិច្ចផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺជាបុណ្យជាតិដ៏សំខាន់ស្វាគមន៍រាជរដ្ឋាភិបាលនីតិកាលថ្មី ដូច្នេះប្រជាពលរដ្ឋច្បាស់ជាមកលេងកម្សាន្ដយ៉ាងច្រើនកុះករនៅរាជធានីភ្នំពេញ។
លោក នេត សាវឿន បានលើកឡើងថា បន្ទាប់ពីខកខានរៀបចំអស់ប៉ុន្មានឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលទើបបង្កើតបានរយៈពេល៩០ថ្ងៃនេះ បានអនុញ្ញាតឲ្យរៀបចំព្រះរាជពិធីបុណ្យអុំទូកឡើងវិញ ដើម្បីបង្កបរិយាកាសឲ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្ដដោយក្ដីសប្បាយរីករាយ។ ជាមួយនឹងការកម្សាន្ដសប្បាយរបស់ប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យជាតិដ៏សំខាន់នេះ។
លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ដែលជាអតីតអគ្គស្នងការនគរបាលជាតិដ៏ម៉ឺងម៉ាត់នោះ បានចាត់ទុកថា កាតព្វកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកពីគ្រប់ទិសទីទាំងអស់ជារឿងដែលសំខាន់ និងយកចិត្តទុកដាក់ខ្លាំងបំផុតមិនអាចធ្វេសប្រហែសបានឡើយ។
តាមរយៈបទពិសោធន៍ធ្លាប់ជាអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានចែករំលែកនូវអ្វីដែលជាបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន ដល់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីជាមូលដ្ឋានគ្រឹះបន្ថែមក្នុងការពង្រឹងសមត្ថភាពដល់កងកម្លាំងសមត្ថកិច្ច ដែលមានកាតព្វកិច្ចក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងក្រុមគ្រូពេទ្យផងដែរ។ បញ្ហាចរាចរណ៍សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ, បញ្ហាក្មេងទំនើង, បញ្ហាចោរកម្ម និងការងារសន្ដិសុខ ជាការងារដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងភាពម្ចាស់ការរបស់ប្រធានអង្គភាពនីមួយៗ។
ជាមួយគ្នានេះ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក៏បានធ្វើការផ្ដាំផ្ញើនូវការងារមួយចំនួនផងដែរ ដើម្បីធានាឲ្យបានដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដូចជា៖ទី១៖ ពង្រឹងយន្ដការរួម យន្ដការតាមតំបន់ យន្ដការបញ្ជាការស្រាល ពោលត្រូវមានបញ្ជាការ មានអ្នកទទួលខុសត្រូវពិតប្រាកដច្បាស់លាស់ ទី២៖ ជំរុញការផ្សព្វផ្សាយដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលមានភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យបានយល់ច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួន និងទាមទារឲ្យកម្លាំងទាំងអស់ស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ ខណៈប្រធានអង្គភាពនីមួយៗ ត្រូវមានការលើកទឹកចិត្តដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួន ទី៣៖ ត្រៀមកម្លាំងអន្ដរាគមន៍នៅនឹងកន្លែង ទី៤៖ ត្រូវមានការចាត់តាំងប្ដូរវេនកម្លាំងដែលប្រចាំការការពារច្បាស់លាស់ ទី៥៖ ត្រូវមានការរៀបចំគ្រូពេទ្យសង្គ្រោះទាំងចល័ត និងមានទីតាំងសម្រាប់សង្គ្រោះបឋម ដើម្បីងាយស្រួលនៅពេលមានហេតុការណ៍ណាមួយកើតឡើង ទី៦៖ ពង្រឹងមធ្យោបាយទំនាក់ទំនងសម្រាប់កងកម្លាំង ដើម្បីងាយស្រួលទំនាក់ទំនងគ្នា និងទី៧៖ ពង្រឹងចំណុចខ្ពស់ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ចាប់ពីពេលនេះតទៅនៅទូទាំងប្រទេស។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ ក៏បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែពង្រឹងសុវត្ថិភាព សន្ដិសុខ អនុវត្តវិធានការរដ្ឋបាល បញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រប់គ្រងនូវមុខសញ្ញាល្មើសឲ្យបានច្បាស់លាស់។
លោក ស ថេត បានសង្កត់ធ្ងន់ដល់តាមបណ្ដាខេត្តផ្សេងៗ ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសន្ដិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ ព្រោះខ្លាចក្រែងមានហេតុការណ៍មិនល្អណាមួយកើតឡើង ខណៈការពង្រឹងការតាមដានព័ត៌មានតាមបណ្ដាញសង្គម ក៏ត្រូវផ្ដោតការយកចិត្តទុកដាក់ជៀសវាងក្រុមទុច្ចរិតបំផុសបំផុលព័ត៌មានមិនពិតណាមួយកើតឡើង នាំឲ្យមានការយល់ច្រឡំពីសាធារណៈជន។