នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន និងបានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានននគរបាលខេត្តកំពត និងខេត្តស្វាយរៀង ឈានទៅឃាត់ខ្លួន ជនសង្ស័យពីរ នាក់ ពាក់ព័ន្ធ ករណីប្លន់ប្រដាប់អាវុធ នៅខេត្តកំពត។
នាយករដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥៖០០នាទី មានករណីលួចមានស្ថានទម្ងន់ទោស មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណខ្មៅ សេរី២០២៣ ប្រដាប់ដោយអាវុធខ្លី១ដើម មិនស្គាល់ម៉ាក បានធ្វើសកម្មភាពចូលក្នុងផ្ទះប្រជាពលរដ្ឋលក់ដូរឈ្មោះ សៅ ភាន់ ភេទស្រី អាយុ៣៤ឆ្នាំ នៅចំណុចភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ភ្ជង់ប្លន់យកគ្រឿងអល្លង្ការ លុយ និងទូរសព្ទ ហើយគេចខ្លួនបាត់តែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត។