បារាំង៖ ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ ទ្រង់មានព្រះរាជបន្ទូលថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នមានសន្តិភាពនិងកំពុងក្លាយជារដ្ឋទំនើប ខណៈអង្គការ យូណេស្កូកំពុងអភិវឌ្ឍកម្មវិធីរបស់ខ្លួន។
ក្នុងពិធីខួបលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពី«អង្គរ» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអង្គការយូណេស្កូ ទីក្រុងប៉ារីស ព្រះករុណា ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលថា បញ្ជាក់ថា អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុនរបស់កម្ពុជាបាននិងកំពុងសហការ ជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏អស្ចារ្យ ប្រកប ដោយប្រសិទ្ធភាព ដែលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ ។ មកទល់ នឹងពេលបច្ចុប្បន្ននេះ ប្រទេសជាងសាមសិបបានចូលរួមចំណែកក្រោមទម្រង់ផ្សេងៗគ្នា ក្នុង ការការពារបេតិកភណ្ឌដ៏មហិមារបស់កម្ពុជា ក្នុងលក្ខខណ្ឌដ៏ល្អប្រសើរបំផុត ។
ព្រះអង្គមានព្រះរាជបន្ទូលបន្ថែមថា ជាការពិតបន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ប្រសើរ នៃស្នាដៃអភិវឌ្ឍឡើងវិញដែលប្រទេសបារាំង និងជប៉ុនបានចាប់ផ្តើមនៅឆ្នាំ១៩៩៣ ជាពិសេស ក្នុងវិស័យបុរាណវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ស្របតាមគោលបំណងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន គឺផ្តោតលើការកំណត់គោលនយោបាយមួយពោរពេញដោយមហិច្ឆតា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនូវរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ សំបូរព្រៃគុក នឹងកោះកេរ។ គោលនយោបាយអភិវឌ្ឍប្រកបដោយចីរភាពនេះ ត្រូវតែរួមបញ្ចូលនូវផែនការ ច្បាស់លាស់ និងហ្មត់ចត់នៃការគ្រប់គ្រងអេកូឡូស៊ីប្រកបដោយបរិយាបន្ន ។
ជាមួយគ្នានោះ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គទ្រង់មាន ព្រះរាជបន្ទូលថា«នៅក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នមានសន្តិភាពនិងកំពុងក្លាយជារដ្ឋទំនើប អង្គការ យូណេស្កូកំពុងអភិវឌ្ឍកម្មវិធីរបស់ខ្លួន ជាពិសេសទាក់ទងនឹងការអប់រំ និងការបណ្តុះបណ្តាល វិជ្ជាជីវៈ។ យុវជនកម្ពុជា ឆ្លើយតបដោយការស្រេកឃ្លានក្រេបជញ្ជក់នូវចំណេះដឹង និងភាព រីកចម្រើន ។ វិស័យទេសចរណ៍ បរិស្ថាន ការបណ្ដុះបណ្តាលជំនាញជួសជុលប្រាសាទ ការបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ការការពារនិងគ្រប់គ្រងបឹងទន្លេសាប ដែលអង្គការយូណេស្កូចាត់ជាតំបន់ជីវមណ្ឌលបម្រុងដំបូងគេនៅកម្ពុជា គឺជាវិស័យការងារ របស់អង្គការយូណេស្កូ បន្ថែមទៅលើកម្មវិធីប្រពៃណ៍ផ្សេងទៀតរបស់អង្គការ»។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូល សង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ចង់មានស្ដង់ដារប្រកបដោយមហិច្ឆតា ប៉ុន្តែអាចសម្រេចបាននៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ។ ក្នុងស្មារតីនេះ ការបង្កើតមជ្ឈមណ្ឌលឯកសារចីរភាពដ៏ធំមួយ នឹងក្លាយជាសម្បត្តិ ដ៏មានតម្លៃ ហើយកម្ពុជានឹងខិតខំប្រឹងប្រែងសម្រេចកិច្ចការនេះ។
ឆ្លៀតក្នុងព្រះរាជឱកាសនោះ ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះរាជបន្ទូលបញ្ជាក់ថា កាលពី៣២ឆ្នាំមុន ចាប់តាំងពីពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រះបិតា ព្រះករុណា ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានអំពាវនាវឱ្យអង្គការយូណេស្កូចូលរួមអភិរក្សប្រាសាទ អង្គរ។ បន្ទាប់ពីឡើង គ្រងរាជ្យជាលើកទី២នៅឆ្នាំ១៩៩៣ ព្រះបិតារបស់ទ្រង់មានបំណងចង់ ដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិ។ ព្រះបិតារបស់ទ្រង់ បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងឥតងាករេដល់អង្គការយូណេស្កូ គណៈកម្មាធិការCIC និងសាលា បារាំងចុងបូព៌ា រហូតដល់ទ្រង់សោយទិវង្គត។ បន្ទាប់មកកម្ពុជាបានស្នើសុំដាក់បញ្ចូលប្រាសាទ ព្រះវិហារ សំបូរព្រៃគុក និងកោះកេរក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិបន្ទាប់ពីរមណីយដ្ឋាន អង្គរ។ ក្នុងអំឡុងពេលនៃការប្រារព្ធខួបលើកទី៧៥ នៃអង្គការយូណេស្កូ កម្ពុជាបានរំលឹកជូន វេទិកានេះថា «ស្នាដៃសិល្បៈខ្មែរទាំងនេះគឺជាឬសគល់របស់យើង ហើយការដឹងគុណរបស់ យើងគឺពុំមានព្រំដែនឡើយ ចំពោះអង្គការយូណេស្កូដែលធ្វើសកម្មភាពនៅកម្ពុជា ជាមួយ សមត្ថភាពរបស់ខ្លួនប្រកបដោយឧត្តមភាព»៕