សៀមរាប៖ គណៈសង្ឃ និងកម្លាំងចម្រុះខេត្តសៀមរាប នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ចុះ បិទវត្ដពោធិលង្កា ស្ថិតនសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងបណ្តេញ ព្រះសង្ឃ ភិក្ខុ សាមណេរ និងយាយជី តាជី ចេញពីវត្តនេះទាំងអស់ ក្រោមការចោទប្រកាន់ថាព្រះសង្ឃគង់នៅក្នុងវត្តនេះ បានប្រព្រឹត្តិខុសទៅនឹងច្បាប់ព្រះពុទ្ធសាសនា។
យោងតាមសេចក្តីសម្រេច របស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោ ចាយ បូរិន និង សម្តេច ព្រះសង្ឃនាយក ព្រះពោធិវ័ង្ស អំ លឹមហេង កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ បានបញ្ចប់មុខដំណែងព្រះគ្រូចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង និង ព្រះវិន័យធរ ។ តែសេចក្តីសម្រេចនេះ មិនបានបញ្ជាក់ពីមូលហេតុនោះទេ ។
សចក្តីសម្រេចនេះ បានប្រគល់ក៏បានប្រគល់ភារកិច្ចប្រគេនព្រះមេគណខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះរំសាយរចនាសម្ព័ន្ធវត្ត ហើយរៀបចំរចនាសម្ព័ន្ធគណសង្ឃថ្មី ដើម្បីដឹកនាំព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សា ឱ្យល្អប្រសើរឡើងវិញរហូតដល់មានការសម្រេចថ្មី។
ជុំវិញបញ្ហានេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា នៅថ្ងៃទី ១៣ ខែវិច្ឆិកានេះ ប្រាប់ Khmer CM ថា លោក ស្នើសុំមិនធ្វើអត្ថាធិប្បាយទេ ករណីខាងលើនេះ ខណៈដែលរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសង្ឃកំពុងមានវិធានការ។
ទោះជាបែបនេះ តំណាងថ្នាក់ដឹកនាំសង្ឃនៅក្នុងខេត្តសៀមរាប ដែលបានដឹកនាំកម្លាំងចុះទៅរៀបចំវត្តនិងបណ្តេញព្រះសង្ឃ ចេញពីវត្ត បានមានសង្ឃដីថា ការចុះមកនេះ គឹធ្វើឡើង តាមសេចក្តីសម្រេច របស់ ក្រសួងធម្មការ និងសាសនា និងព្រះសង្ឃនាយក បន្ទាប់ពីសង្កេតឃើញការប្រព្រឹត្តិរបស់ថ្នាក់ដឹកនាំសង្ឃនៅក្នុងវត្តនេះ មិនស្របតាមព្រះពុទ្ធសាសនា។
ប៉ុន្តែ តំណាងព្រះសង្ឃមួយដែលគង់នៅក្នុងវត្តពោធិលង្កានេះ ប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ការបណ្តេញព្រះសង្ឃ និងរំសាយចនាសម្ព័ន្ធសង្ឃនៅក្នងវត្តនេះ មិនត្រឹមត្រូវនោះទេ ខណៈបើព្រះសង្ឃអង្គណាប្រព្រឹត្តិខុស សម្រេចបណ្តេញចេញនូវបុគ្គលនោះទៅ បើបណ្តេញចេញព្រសង្ឃទាំងអស់នឹងធ្វើ ឱ្យព្រះសង្ឃដែលមិនមានកំហុសមានការកាភ័យខ្លាច ។
យ៉ាងនេះក្តីតាមបណ្តាញសារព័ត៌មាននានាចុះផ្សាយថា ព្រះចៅអធិការវត្តពោធិលង្កា ព្រះនាម កែវ ខូយ បានមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់តាមបណ្តាញសង្គម និងបានសម្រេចកាមផងដែរ ដែលធ្វើ ឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា៕