ព្រះមហាក្សត្រ នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅបារាំង ចាប់ពីថ្ងៃ១២-១៨ វិច្ឆិកា

ភ្នំពេញ៖ តបតាមសេចក្ដីអញ្ជើញសូមយាងរបស់ លោក  Emmanuel MACRON ប្រធានាធិបតី នៃ សាធារណរដ្ឋបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យស្ដេចនឹងយាង បំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្នុងស្មារតីនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាង កម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យ ឯករាជ្យជាតិ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះអង្គនឹងត្រូវ បាន លោក  Emmanuel MACRON ទទួលព្រះរាជសវនាការ នៅវិមានប្រធានាធិបតី Palais de I’Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីការ អភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃ សន្និសីទអង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះករុណា ព្រះមហាក្សត្រ ក៏នឹងប្រទានព្រះរាជសវនាការជូន លោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ ដោយទទួលស្គាល់ពីសកម្មភាពគាំទ្រដ៏មានសារៈសំខាន់ របស់អង្គការដែលបានចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។

ក្នុងព្រះរាជដំណើរយាងទៅទីក្រុងប៉ារីសនេះផងដែរ ព្រះអង្គនឹងយាងទៅប្រាសាទ Fontainebleau ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង សៀមរាប។ ជាមួយគ្នានេះ ព្រះអង្គក៏នឹងយាងទតបណ្ណាសាររបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ផងដែរ។

នៅក្នុងព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជតីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផ្ញើជូនជនរួមជាតិ នៅថ្ងៃទី ១១ ខែវិច្ឆិកានេះ បញ្ជាក់ថា អវត្តមានរបស់ព្រះអង្គ នៅក្នុង ប្រទេស លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងធ្វើជាប្រមុខរដ្ឋជំនួសព្រះអង្គ៕