កម្ពុជា-ចិន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរឆាំ្ន ២០២៤ ជាឆាំ្ននៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន

ភ្នំពេញ៖ កម្ពុជា-ចិន បានធ្វើការបេ្ដជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវ ក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ខណៈដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និង ឆ្នាំមិត្តភាព។នេះបើយោងតាមជំនួបរវាង លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជា ប្រធានគណៈកម្មាធិការកិច្ចការបរទេស កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស។

ក្នុងឱកាសនោះ ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និង ឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគីទាំងពីរ «បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវ ក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។
ភាគីទាំងពីរ បានគូសបញ្ជាក់ដោយពេញចិត្តចំពោះការរីកចម្រើន ដ៏គួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងកម្ពុជា-ចិន និងកោតសរសើរចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិត ខ្ពស់ជាញឹកញាប់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះភាគីចិន បានបង្ហាញនូវជំនឿចិត្តថា កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាការឆ្លើយតប លោកសុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មិត្តចិន ចំពោះការគាំទ្រ និងជំនួយមិន អាចកាត់ថ្លៃបាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោនានា នៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរក្រោមគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។លើសពីនេះទៀត ភាគីទាំងពីរ បានសង្កត់ធ្ងន់អំពី សារៈសំខាន់ នៃការជំរុញការវិនិយោគរបស់ចិនឱ្យបានច្រើនមកកម្ពុជាបន្ថែមទៀត ជាពិសេសការប្តេជ្ញាចិត្តក្នុងការ ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរ បានគូសបញ្ជាក់ អំពីសារៈសំខាន់ នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកូសង់ស៊ីស ជាយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំទាំងពីរ រួមទាំងការបង្កើត «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា»និង «ច្រករបៀងមច្ឆា និងអង្ករ»៕