ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នឹងមានរៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសជិត១០០០នាក់សម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ០៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី ៦ ខែវិច្ឆិកានេះ បាន ឱ្យដឹងថា ក្នុងនោះគណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង០៤)ដោយមានការ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន ៩០២ នាក់ (ស្រី ៦១ នាក់) ។
លោកបន្តថា សម្រាប់ពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) បញ្ជីទណ្ឌិតចំនួន ៤៦៤ នាក់ (ស្រី ៣៤ នាក់) រួមមាន ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៣២ នាក់ (ស្រី ២៩ នាក់) និងស្នើសុំលើកលែងទោស ចំនួន ៣២ នាក់ (ស្រី ០៥ នាក់) ។ លោកបន្ថែមថា ចំពោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ (ស្រី ២៧ នាក់) រួមមានស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨ នាក់ ( ស្រី ២៦ នាក់) និង ស្នើសុំលើកលែងទោស ចំនួន ២០ នាក់ ( ស្រី ០១ នាក់) ៕