ភ្នំពេញ៖ ឆ្លើយតបទៅនឹងក្រុមប្រឆាំងដែលបានលើកឡើងថា ការអភិវឌ្ឍន៍នៅក្នុ្ងប្រទេសកម្ពុជា សម្រាប់តែបក្ខពួក សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាបក្សពួកជាអាទិភាពរបស់ សម្តេច គឺជាបងប្អូន អ៊ំពូមីង តាយាយ និងក្មួយៗចំនួន ១៧ លាននាក់ និយាយជារួម និងនៅក្នុងវិស័យការងារផ្ទាល់ គឺជាបងប្អូនកម្មករ និយោជិតទាំងអស់ និយាយដោយឡែក ដែលរាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់។
ការគូសបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត ធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ០២៨នាក់ ដែលមានមូលដ្ឋានមកពីរោងចក្រ សហគ្រាសមកពីខណ្ខមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី២៨ តុលា ២០២៣។
សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា លទ្ធភាព និងសមត្ថភាពរបស់កម្មករ និយោជិត ឬកម្លាំងផលិតរបស់យើង ត្រូវបានលើកកម្ពស់ដោយអាចបង្កើនគុណភាពនៃការផលិតប្រកបដោយភាពទាក់ទាញ ដូចនេះ ទើបផលិតផលម៉ាកល្បីៗបានមកបណ្តាក់ទុនវិនិយោគ និងបង្កើតរោងចក្រ ដើម្បីផលិតទំនិញនាំចេញទៅក្រៅប្រទេស។ យើងមានធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ ស្ពាន ទឹក ភ្លើង និងការបង្កលក្ខណៈផ្សេងៗ ដែលធានាដល់ប្រក្រតីភាពនៃសង្វាក់ផលិតកម្ម និងអាចផលិតទៅតាមផែនការកំណត់ និងស្របតាមតម្រូវការ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើការគូសបញ្ជាក់អំពីអត្ថន័យនៃការអភិវឌ្ឍ និងទស្សនៈនៃការអភិវឌ្ឍ ដោយបានផ្តល់និយមន័យថា ការអភិវឌ្ឍ គឺជាការធ្វើឱ្យប្រជាជនមានបាន ហើយធ្វើឱ្យកន្លែងមួយមានតម្លៃកើនឡើង និងក្លាយជាទីតាំងដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនឱ្យបានកាន់តែច្រើនគ្នា។ ឧទាហរណ៍ជាក់ស្តែង ការបង្កើតផ្សារអ៉ីអន គឺបានកែប្រែដីទំហំ ១៧ ហិកតា ឱ្យក្លាយជាមូលដ្ឋានដែលបង្កើតបាននូវផលប្រយោជន៍ច្រើនសម្រាប់ប្រជាជន ជាពិសេសតាមរយៈឱកាសការងារ និងឱកាសទីផ្សារសម្រាប់អាជីវកម្មដ៏សម្បូរបែប។ សរុបមក ការអភិវឌ្ឍពិតប្រាកដ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺការខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្តល់ផលប្រយោជន៍ ពង្រីកផលប្រយោជន៍ និងថែរក្សាផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ចំនួន ១៧ លាននាក់ ដែលជាម្ចាស់អំណាច ៕