ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើទំនើបកម្ម និងគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបម្រើឱ្យការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ នេះបើតាមលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត” ជូនដល់ប្រធាន សមាជិក និងមន្រ្តីបច្ចេកទេសនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងមន្រ្តី គ.ជ.ប នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នេះ នៅទីស្ដីការ គ.ជ.ប ។
លោក ទេព នីថា បានបញ្ជាក់ ថា ការដាក់ឱ្យដំណើរការ “កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត” នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃកំណែទម្រង់ និងការធ្វើទំនើបកម្មការបោះឆ្នោត សំដៅកំណត់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋដែលអាចមកចុះឈ្មោះបោះឆ្នោត ឱ្យកាន់តែមានភាពសុក្រឹត។
ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ ក្នុងដំណាក់កាលរៀបចំត្រៀម គ.ជ.ប ត្រូវធ្វើការរៀបចំស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងកំណត់ចំនួន និងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត សម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនីមួយៗ។
ដំណើរការរៀបចំត្រៀមសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ត្រូវបានចាប់អនុវត្តតាំងពីឆ្នាំ២០០៥ អនុលោមតាមសេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប លេខ ០១១ ស.ណ.ន ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៥ ដោយកាលនោះផ្តោតសំខាន់លើការស្រង់ឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយស្រង់ចូលក្នុង ទ.១០២៥ ការស្រង់ឈ្មោះអ្នកបោះឆ្នោតដែលមានឈ្មោះស្ទួនចូលក្នុង ទ.១០២៦ និងការស្រង់ឈ្មោះអ្នកដែលនឹងត្រូវចុះឈ្មោះបោះឆ្នោតចូលក្នុង ទ.១០២៧ ដើម្បីអញ្ជើញគាត់មកបំពេញទម្រង់បែបបទ ទ.១០២៤ សម្រាប់ត្រៀមចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៃឆ្នាំនីមួយៗ។ ហើយការស្រង់ឈ្មោះនេះ មានគោលបំណង ដើម្បីកំណត់ និងប៉ាន់ស្មានចំនួនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង ចំនួនអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ចំនួនអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីជាមូលដ្ឋានក្នុងការកំណត់ចំនួនការិយាល័យបោះឆ្នោត និងចំនួនការិយាល័យចុះឈ្មោះបោះឆ្នោតដែលត្រូវប្រើប្រាស់ ព្រមទាំងកំណត់ទីតាំងនៃការិយាល័យទាំងនោះផងដែរ។
លោក បន្តទៀតថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣ ក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មដំណើរការបោះឆ្នោត និងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ នៅឆ្នាំ២០២១ ក្រសួងមហាផ្ទៃ និង គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំរួមលេខ ០១៩ ស.ណ.ន ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីការរៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីកែលម្អ និងបំពេញបន្ថែមបែបបទ និងនីតិវិធីនៃការអនុវត្តលើសេចក្តី-ណែនាំរួមចាស់កាលពីឆ្នាំ២០០៥ ដោយកំណត់យកយន្តការភូមិជាប្រតិបត្តិករដំបូងក្នុងការអនុវត្តការស្រង់ស្ថិតិនេះ បន្ទាប់មកបញ្ជូនទៅក្រុមប្រឹក្សាឃុំ សង្កាត់ ពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបជាស្ថិតិសម្រាប់ឃុំ សង្កាត់ និងបន្តទៅ លធ.ខប ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបដោយដៃបញ្ចូលជាលទ្ធផលសម្រាប់រាជធានី ខេត្តនីមួយៗ រួចបញ្ជូនមក គ.ជ.ប ដើម្បីបូកសរុបជាស្ថិតិរួមទូទាំងប្រទេស។ ប៉ុន្តែ តាមរយៈកម្មវិធីដែលសិក្ខាកាមទាំងអស់បានទទួលការបណ្តុះបណ្តាលនាថ្ងៃនេះ គឺបានផ្តល់ភាពងាយស្រួលមួយកម្រិតថែមទៀតដល់ លធ.ខប ក្នុងការគ្រប់គ្រង និងបូកសរុបស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្នុងរាជធានីខេត្ត របស់ខ្លួន។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះ ត្រូវបាន គ.ជ.ប រៀបចំឡើងដើម្បីធ្វើការបណ្ដុះបណ្ដាលមន្រ្តី លធ.ខប និងមន្រ្តី គ.ជ.ប ពាក់ព័ន្ធ ឱ្យមានការយល់ដឹងច្បាស់លាស់ និងត្រូវចូលរួមអនុវត្ត “កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត” នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។ វគ្គបណ្ដុះបណ្ដាលពេញមួយថ្ងៃនេះ មានសិក្ខាកាមចូលរួមសរុប ១២១ នាក់៕