លោក ស៊ុំ ប៊ុនហុង៖វគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជា្របការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោត ជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ

មណ្ឌលគិរី៖ នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សហការជាមួយ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីសារៈសំខាន់នៃការបោះឆ្នោត ជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល នាយក នាយករងសាលា យុវជន និងអាជ្ញាធរភាគីពាក់ព័ន្ធក្នុងស្រុកកែវសីម៉ា នៃខេត្តមណ្ឌលគិរី ។

លោក ស៊ុំ ប៊ុនហុង អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សហការជាមួយ បានប្រសាសន៍ថា ការរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់ នៃការបោះឆ្នោតនេះឡើង  គឺក្នុងគោលបំណងទី១៖ គឺអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ជូនដល់ ភាគីពាក់ព័ន្ធដែលជាក្រុមគោលដៅ ទី២៖ ប្រមូលធាតុចូលសំខាន់ៗ ពីគ្រប់ភាគីពាក់ព័ន្ធ និងសិក្សាអំពីបញ្ហាប្រឈមរបស់ភាគីពាក់ព័ន្ធនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោត ទី៣៖ ដើម្បីធ្វើនវានុវត្តន៍លើកម្មវិធី និងប្រធានបទនៃវគ្គ ទី៤៖ បំផុសឱ្យមានការផ្សព្វផ្សាយបន្តដល់សាធារណជន ដែលមិនបានចូលរួម  និងទី៥៖ ផ្សព្វផ្សាយប្រភព ព័ត៌មានដែលចេញដោយ គ.ជ.ប និង លធ.ខប (គេហទំព័រ,App,បណ្តាញសង្គម)។

នៅក្នុងវគ្គនេះ លោក បានបង្ហាញអំពីសារៈសំខាន់នៃការបោះឆ្នោតជាច្រើនទៅកាន់ភាគីពាក់ព័ន្ធជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ឱ្យបានយល់ដឹងកាន់តែច្បាស់ពីលទ្ធិប្រជាធិបតេយ្យតាមរយៈ ការបោះឆ្នោត។  ជាមួយគ្នានោះ ក៏បានបញ្ជាក់ផងដែរថា ការបោះឆ្នោត គឺជាផ្នែកមួយដ៏សំខាន់ ដែលអាចជួយឱ្យអ្នកបោះឆ្នោតជ្រើសរើសបានអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទៈរបស់ខ្លួន  ដោយសន្តិវិធីគ្មានការប្រើអំពើហិង្សា ធ្វើឱ្យអ្នកដឹកនាំមានការទទួលខុសត្រូវផ្ទាល់ ចំពោះប្រជាពលរដ្ឋលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ អនុវត្តសិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ធានាការពារការប្រតិបត្តិសិទ្ធិសេរីភាពទាំងអស់របស់បុគ្គលគ្រប់ៗរូប អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកំណត់ជោគវាសនារបស់ខ្លួន និងប្រទេសជាតិរបស់ខ្លួនដោយខ្លួនឯង។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលមានបិទផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស ព្រមទាំងមានផ្សព្វផ្សាយតាម គេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន Voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរសព្ទ (App) NEC KH ឱ្យបានគ្រប់ៗគ្នាកុំបីអាក់ខាន៕