ទីបំផុត! ម្រោង «ព្រែកជីកហ្វូណនតេជោ»តម្លៃ ១៧០០ លានដុល្លារ ត្រូវបានចុះកិច្ចព្រមព្រៀង សាងសង់ជាផ្លូវការហើយ

ចិន៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោង «ព្រែកជីកហ្វូណនតេជោ»។ កម្មវិធីនេះបានរៀបចំឡើងនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខានេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន CRBC អាចសិក្សាលម្អិតលើគ្រប់ទិដ្ឋភាពទាំងអស់ពាក់ព័ន្ធនឹងគម្រោងនេះ ក្នុងរយៈពេល៨ខែ ហើយការចុះហត្ថលេខានាពេលនេះ ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិតទៀតលើគម្រោងដឹកជញ្ជូនតាមផ្លូវដឹកដ៏ធំរបស់កម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តការអនុវត្ដគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលជាគម្រោងជីកផ្លូវទឹកពីទន្លេទៅសមុទ្រដំបូងបំផុតក្នុងប្រវត្ដិសាស្រ្ដ។

ក្នុងនោះគណៈរដ្ឋមន្ដ្រីបានសម្រេចប្រសិទ្ធនាមគម្រោងនេះថាជា «ព្រែកជីកហ្វូណនតេជោ»។ តាមការសិក្សា គម្រោងផ្លូវទឹកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រេកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។ ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១៧០០លានដុល្លារ៕