ភ្នំពេញ ៖ ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខទៀត ក្រុមហ៊ុន CMEC របស់ចិន គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារ លើវិស័យថាមពលហ្គាស។ នេះបើយោងតាមជំនួបរវាង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកវ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ។
ក្នុងជំនួបនោះ លោកលោកវ័ង ប៉ូ បានជម្រាបជូន សម្តេច អំពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា ។
លោកបន្តថា «ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស»។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CMEC បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាពិតជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ហើយដែលនេះក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្តសម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា ។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយ និងសម្ដែងនូវការសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុន CMEC លើការវិនិយោគក្នុងប្រទេសកម្ពុជា។ ហើយជាមួយគ្នានេះ សម្តេចធិបតី ក៏បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខទៀតផងដែរ ៕