ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១២ តុលានេះ បានរៀបចំពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១៥គ្រឿង ដែលជាជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។
ពិធីនេះធ្វេីឡេីងក្រោមវត្តមានចូលរួមពីសំណាក់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោក ផាក ជុង វុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងលោកស្រី ឆយ មូន ជុង (Moonjung CHOI) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េ (KOICA) ប្រចាំកម្ពុជា។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងពិធីនោះលោករដ្ឋមន្ត្រី បានអរគុណសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលការណ៍នេះស្របទៅនឹងគោលដៅចុងក្រោយរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា និងកាត់បន្ថយអត្រាឈឺ និងអត្រាមរណភាពដោយសារជំងឺ ដែលបណ្តាលមកពីគ្រោះអាសន្ន។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមទៀតថា ជំនួយនិងការគាំទ្រដ៏មានតម្លៃរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក៏ជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការការពារ ការរកឃើញ និងការឆ្លើយតបទៅនឹងជំងឺឆ្លង ជំងឺមិនឆ្លង សុខភាពមាតា ទារក និងកុមារ ការអភិវឌ្ឍធនធានមនុស្ស និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាលនៅកម្ពុជា ឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។
គួរបញ្ជាក់ផងដែរ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់អំណោយជាឧបករណ៍មន្ទីរពិសោធន៍ និងសម្ភារបរិក្ខារវេជ្ជសាស្រ្តមួយចំនួន ជូនក្រសួងសុខាភិបាល ដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក៏ធ្លាប់បានជូនជាអំណោយជាច្រើនមកកម្ពុជា ជាពិសេសអំណោយរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង កាលពីក្នុងឆ្នាំ២០២២៕