ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធម្មការនិងសាសនា បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី ការសាងសង់និងស្តារស្រះសហគមន៍ និងការសាងសង់បន្ទប់អនាម័យ (វច្ចកុដិ)នៅតាមទីវត្តអារាម។
យោងតាមអនុស្សារណៈ នៃការយោតយល់គ្នារវាងក្រសួងទាំងពីរខាងលើ ដែលចុះហត្ថលេខាដោយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ បញ្ជាក់ថា អនុស្សារណៈនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីបញ្ជាក់ឱ្យបានច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងនីមួយៗ ក្នុងទិសដៅ ជំរុញការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅតាមទីវត្តអារាម។ ដោយក្រសួងទាំងពីរត្រូវបង្កើតគណៈកម្មការចម្រុះមួយសម្រាប់ដំណើរការអនុវត្តការងារនេះផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈកាលជាងពីរទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលសំខាន់ៗ យ៉ាងច្រើន ទាំងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ សុខដុមនីយកម្មសាសនា ដោយបានប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ២០១៥ ជាពិសេសរាជរដ្ឋាភិបាលបាន រៀបចំដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយះការដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីខែ សីហា ឆ្នាំ២០២៣ កន្លងទៅ៕