សម្ដេច ហ៊ុន ម៉ាណែត៖ សុវត្ថិភាពរបស់ពលរដ្ឋ រួមទាំងនិស្សិតខ្មែរនៅអ៊ីស្រាអែល គឺជាកិច្ចការអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេច  ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងជាថ្មីម្ដងទៀតនូវការចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពនិស្សិតខ្មែរឈ្មោះ ចាន់ ឧត្តម អាយុ២៤ឆ្នាំ ដែលបានស្លាប់ក្នុងការហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងកងទ័ពហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះដែរ សម្តេច បានគូសបញ្ជាក់ជាថ្មីទៀតជូនជនរួមជាតិ ជាពិសេសពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ព្រមទាំងក្រុមគ្រួសារនៅប្រទេសកម្ពុជានេះ ថា សុវត្ថិភាពរបស់ពលរដ្ឋ រួមទាំងនិស្សិតខ្មែរនៅទីនោះ គឺជាកិច្ចការអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ សម្ដេចបន្ថែមថា«យើងបានខិតខំបន្តជាប់ជាប្រចាំ ទាំងយប់ ទាំងថ្ងៃ ដើម្បីធានា និងសហការជាមួយអាជ្ញាធរ អ៊ីស្រាអែល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសនិស្សិតរបស់យើងនៅទីនោះ បានទទួលការការពារ និងសុវត្ថិភាព»។

សូមបញ្ជាក់ថាភ្លាមៗ បន្ទាប់ពីការចាប់ផ្ដើមប្រយុទ្ធគ្នាដ៏ខ្លាំក្លារវាងកងទ័ពអ៊ីស្រអែល និងក្រុមហាម៉ាស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារទាំងកណ្ដាលអធ្រាតជូនជនរួមជាតិ បញ្ជាក់អំពីការតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះស្ថានភាពពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរដែលកំពុងសិក្សានៅទីនោះប្រមាណជាង៤៥០នាក់។ នារំលងអធ្រាតឈានចូលថ្ងៃទី៨ ខែតុលានោះដែរ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក៏បានផ្ញើសារជូនជនរួមជាតិចំពោះករណីនេះផងដែរ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់លម្អិតនៅក្នុងពេលជាមួយគ្នានោះដែរ។

ជុំវិញស្ថានភាពពលរដ្ឋខ្មែរនៅប្រទេសអ៊ីស្រាអែលនេះដែរ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថារហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅប្រទេសអ៊ីស្រាអែល មានសុវត្ថិភាពទាំងអស់គ្នា។ លោក បញ្ជាក់ថា ប្រជាពលរដ្ឋ និងនិស្សិត ដែលទៅរៀននៅកសិដ្ឋាន និងនៅតាមក្រុមហ៊ុននានានៅអ៊ីស្រាអែល អាជ្ញាធរកម្ពុជាបានស្នើសុំសហការជាមួយអាជ្ញាធរអ៊ីស្រាអែលជួយជម្លៀសពួកគេទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព បើសិនជាកន្លែងដែលប្រជាពលរដ្ឋនិស្សិតកម្ពុជាធ្វើការជួបបញ្ហា ហើយថាអាជ្ញាធរកម្ពុជាក៏ទាក់ទងជាប្រចាំជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល ក្នុងការផ្គត់ផ្គង់ចំណីអាហារគ្រប់បែបយ៉ាងដើម្បីពួកគាត់អាចធានាជីវភាពប្រចាំថ្ងៃ៕