អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បំភ្លឺពីករណី ដែលថាមន្រ្តីបម្រើការ នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ មិនយកចិត្តទុកដាក់លើពលរដ្ឋ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ចំពោះការកកស្ទះរបស់អ្នកដំណើរនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ នាពេលកន្លងទៅ គឺដោយសារ ការវិលត្រឡប់ចូលប្រទេស វិញរបស់ពលរដ្ឋខ្មែរដែលអាជ្ញាធរប្រទេសថៃបានអនុញ្ញាតឱ្យឈប់សម្រាកពីការងារ ដើម្បីបានវិលត្រឡប់មក ចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាខែមេសា ឆ្នាំ២០២៣កន្លងទៅ។

តាមសេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា
កាលពីពេលថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានធ្វើការបង្ហោះរូបភាពនិងវីដេអូ ស្តីពីការកកស្ទះរបស់អ្នកដំណើរនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ នាពេលកន្លងទៅ នៅពេលរង់ចាំការបំពេញបែបបទត្រួតពិនិត្យដំណើរចូលចេញប្រទេស ក្នុងគោលបំណងបង្ហាញពីការមិនយកចិត្ត ទុកដាក់ និងភាពអសកម្មរបស់សមត្ថកិច្ចពាក់ព័ន្ធដែលបំពេញការងារនៅទីនោះ។

សេចក្ដីបំភ្លឺ បញ្ជាក់ថា «ចំពោះការបង្ហោះរូបភាព និងវីដេអូទាំងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា គឺជាសកម្មភាពវិលត្រឡប់ចូលប្រទេស វិញរបស់ពលរដ្ឋខ្មែរដែលអាជ្ញាធរប្រទេសថៃបានអនុញ្ញាតឱ្យឈប់សម្រាកពីការងារ ដើម្បីបានវិលត្រឡប់មក ចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាខែមេសា ឆ្នាំ២០២៣កន្លងទៅ»។

សេចក្ដីបំភ្លឺបន្ថែមថា ទន្ទឹមនោះ សំដៅសម្រួលដល់ការ ធ្វើដំណើរចូលចេញប្រទេសជូនពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ ហើយតែងធ្វើដំណើរចូលចេញនៅរាល់ ពេលមានការឈប់សម្រាក ឬពិធីបុណ្យប្រពៃណីជាតិធំៗ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាសមត្ថកិច្ច ពាក់ព័ន្ធដែលនៅប្រចាំការបំពេញភារកិច្ចតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ តែងបានបង្កើន ការយកចិត្តទុកដាក់សហការដោះស្រាយបញ្ហាកកស្ទះនេះបានយ៉ាងមានប្រសិទ្ធភាព ទោះបីមានការយឺតយ៉ាវ ខ្លះដែលបណ្តាលមកពីចំនួននៃអ្នកដំណើរចូលចេញច្រើន និងកើតឡើងក្នុងអំឡុងពេលតែមួយ។ បញ្ហានេះ ក៏តែងកើតមានដូចគ្នានេះដែរ នៅតាមបណ្ដាប្រទេសដទៃទៀត ដែលនាំដល់ការកកស្ទះទាំងនៅតំបន់ព្រំដែន និងការកកស្ទះចរាចរណ៍នៅផ្ទៃក្នុងប្រទេស។

ជាក់ស្ដែង នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ អគ្គនាយកដ្ឋាន បានធ្វើការណែនាំដល់មន្ត្រីនគរបាលប្រចាំការនៅតាមបណ្តាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងអស់ ត្រូវយកចិត្ត ទុកដាក់ខ្ពស់ ក្នុងន័យត្រៀមដោះស្រាយ និងផ្ដល់ការសម្របសម្រួលចាំបាច់នានាជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវ បរទេសដែលអាចវិលត្រឡប់ចូលប្រទេស ឬមកកំសាន្តនៅកម្ពុជាមានចំនួនច្រើន៕