លោក ឡុង កុសល បញ្ជាក់ថា ភាពចាំបាច់នៃការតម្រូវឲ្យមានការអនុញ្ញាតជាមុន ពីព្រោះត្រូវប្រតិបត្តិនូវគោលការណ៍គតិយុត្តដែលមានជាធរមានផង និងដើម្បីឲ្យផ្នែកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា អាចជួយកែតម្រូវ ឬផ្តល់យោបល់កែលម្អនូវខ្លឹមសារផ្សេងៗដូចជា ប្រវត្តិសាស្រ្ត ទម្រង់សិល្បៈ ឲ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងនូវមតិរិះគន់ពីសាធារណជន នៅពេលរូបភាព ឬខ្លឹមសាររឿងទាំងនោះចេញផ្សាយជាសាធារណៈ។
អ្នកនាំពាក្យនេះ បានបន្ថែមថា «សម្រាប់យើងជាខ្មែរ អត្ថន័យរបស់អង្គរពិតជាធំធេងណាស់ លើសពីអាយុជីវិតទៅទៀត ពីព្រោះអង្គរជាដួងព្រលឹងនិងវប្បធម៌ជាតិ។ ដូច្នេះប្រសិនបើមានការប្រើប្រាស់រូបភាពអង្គរមិនត្រឹមត្រូវ ឬក៏ការប្រព្រឹត្តនូវកាយវិការមិនស្របណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃរមណីយដ្ឋានអង្គរ នោះសាធារណជនពិតជាមិនអាចទទួលយកបាននោះទេ។ ក្នុងន័យដើម្បីបញ្ចៀសឲ្យបាននូវកំហុសឆ្គងអចេតនាណាមួយ ដែលបណ្តាលមកពីការប្រើប្រាស់រូបភាពអង្គរ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានភាពចាំបាច់ត្រូវការត្រួតពិនិត្យជាមុន នូវគោលបំណងនៃការប្រើប្រាស់រូបភាពអង្គរជាសាធារណៈទាំងអស់។ ដូច្នេះសូមសាធារណជន ជាលក្ខណៈក្រុមហ៊ុនឬឯកជន ដែលជាម្ចាស់ផលិតកម្ម ឬអាជីវកម្មនានា យោគយល់និងចូលរួមប្រតិបត្តិស្របតាមគោលការណ៍ច្បាប់ដែលមានជាធរមាន»។
អនុលោមតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត ការផលិតភាពយន្ត ភាពយន្តភាគតាមទូរទស្សន៍ ភាពយន្តឯកសារ ចម្រៀងកាយវិការ ចាំបាច់ត្រូវសុំការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ រាល់ការស្នើសុំ ផលិតករត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង (ភាពយន្ត) និងអត្ថបទចម្រៀង(ចម្រៀងកាយវិការ) ។ ចំពោះការផ្តល់លិខិតអនុញ្ញាតនឹងផ្តល់ជូនរយ:ពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ(សម្រាប់ភាពយន្ត) និងរយ:ពេល ៥ថ្ងៃ (សម្រាប់ចម្រៀងកាយវិការ)៕