នាយករដ្ឋមន្រ្តី អំពាវនាវ កុំឱ្យមានលក់ ភេសជ្ជៈផ្អែមៗ នៅតាមសាលា ខ្លាចប៉ះពាល់សុខភាពដល់សិស្សកើតទឹកនោមផ្អែម

ភ្នំពេញ ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវ ដល់បណ្ដាសាលាជាពិសេស សាលាឋមសិក្សា កុំឱ្យមានការលក់នូវភេសជ្ជៈណាដែលមានរសជាតិផ្អែមៗតទៅទៀត ព្រោះភេសជ្ជៈប្រភេទនេះ អាចធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស ជាពិសេសកើតមានជំងឺទឹកនោមផ្អែម។

ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព»កាលពីព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្ដេចបានថ្លែងថា រាជរដ្ឋាភិបាលបានអនុវត្តន៍ គម្រោងអាហាររូបត្ថម្ភជូនដល់សាលា សរុបចំនួន ៤២៧ ក្នុងខេត្តចំនួន១០ ជួយដល់សិស្សបានជាង១១ម៉ឺនាក់ (គិតចាប់តាំងពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ននេះ)។

ពាក់ព័ន្ធជាមួយបញ្ហាសុខភាពនេះ សម្ដេចធិបតី មានប្រសាសន៍ បន្តថា «ខ្ញុំសូមអំពាវនាវផងដែរ ដល់បងប្អូនលក់ដូរ នៅតាមសាលាគួរគិតមើលអាហ្នឹងផង តាមលទ្ធភាពព្រោះសាលាមួយៗខ្ញុំមិនឱ្យក្រសួងអប់រំទៅពិន័យទេ តែសូមលើកទឹកចិត្តឱ្យគិតផង»។

សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា នៅតាមសាលាមិនត្រូវលក់អាហារណាដែលមានជាតិខ្លាញ់ច្រើន ព្រោះអាហារប្រភេទនេះ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពក្មេងៗ។

សម្ដេចបន្ថែមថា វេជ្ជៈបណ្ឌិតនៅប្រទេសស៊ីងហ្គាពួរ បាននិយាយថា មិនមែនមនុស្សមានអាយុ៣០ឆ្នាំជាង កើតមានជំងឺទឹនោមផ្អែមដោយសារតែការផឹកស្រានោះទេ។ អ្នកកើតមានជំងឺទឹកនោមផ្អែមនេះ គឺដោយសារកាលពីនៅពីក្មេងៗ ឪពុកម្ដាយរបស់ពួកគេ ឧស្សាហ៍ទិញតែទឹកដោះគោណា ដែលមានរសជាតិផ្អែមៗឱ្យផឹក ដោយសារពួកគេគិតថាទឹកគោះប្រភេទនោះ មានវីតាមីនសម្រាប់ប៉ូវឆ្អឹងដល់កូនៗរបស់ពួកគេ ឱ្យមានរាងកាយមាំមួន ទើបពួកគេមានវ័យ៣០ឆ្នាំជាង ឧហ្សាហ៍កើតមានជំងឺទឹកនោមផ្អែមបែបនេះ៕