ក្រសួងព័ត៌មាន ព្រមានក្រុមហ៊ុនកាស៊ីណូ ថបដាយអ៊ិមិន ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឱ្យផ្ដល់ការសហការដោះស្រាយ បញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់

ភ្នំពេញ ៖ លោកនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការព្រមានដល់អ្នកសារព័ត៌មានមួយចំនួន ពាក់ព័ន្ធការជំរិតទារលុយ ពីក្រុមហ៊ុនកាស៊ីណូ ថបដាយអ៊ិមិន នៅខេត្តតាកែវ និងឲ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពល្មើសច្បាប់ ដោយទុកពេលឱ្យ១ខែឲ្យចូលខ្លួនមកបំភ្លឺនៅក្រសួង។

តាមលិខិតរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដោយអីម៉ិន (TOP DIAMAND CASINO) បានចេញ ផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ »។ ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មានយល់ឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនោះ ពិតជារួមគ្នាធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈ សារព័ត៌មានដទៃទៀតនៅកម្ពុជា។

ចំពោះករណីនេះលោកនេត្រ ភក្រ្តា បញ្ជាក់ថា ក្រសួង សូមធ្វើការព្រមាន ដល់អ្នកសារព័ត៌មានទាំងនោះមួយចំនួនរួមមាន ៖ ១. អ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទារ ប្រាក់នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និង ក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានទាំងនោះនឹងត្រូវបញ្ឈប់លែងឱ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។ អ្នកសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូរខ្លួន មករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល១ខែ យ៉ាងយូរ អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ចំពោះការប្រព្រឹត្តរបស់ខ្លួន។

២. ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ដែលមានអ្នកសារព័ត៌មានរបស់ខ្លួនជាប់ពាក់ព័ន្ធទៅនឹង ករណីខាងលើ ត្រូវធានាទប់ស្កាត់ និងបញ្ឈប់ឱ្យខានតែបាននូវការប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ ពីសំណាក់អ្នកសារព័ត៌មានរបស់ខ្លួនតទៅទៀត ហើយត្រូវធ្វើការអប់រំណែនាំដល់អ្នកសារព័ត៌មានរបស់ខ្លួន និងត្រូវរាយការណ៍ពីសកម្មភាពទាំងនេះ ដោយបញ្ជាក់នូវឈ្មោះ របស់អ្នកសារព័ត៌មានក្រោមឱវាទអង្គភាពរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធមកក្រសួងព័ត៌មាន។ ម្ចាស់អង្គភាពសារព័ត៌មានដែលមានជាប់ពាក់ព័ន្ធ ត្រូវចូរខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ករណីរឹងរួសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាននឹងធ្វើការលុប អាជ្ញាបណ្ណ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៣. ចំពោះម្ចាស់ក្រុមហ៊ុន កាស៊ីណូថបដោយអិម៉ិន TOP DIAMAND CASINO ដែលបានធ្វើការ ផ្សព្វផ្សាយអំពីការផ្តល់លុយកាក់ និងផ្ដល់ការឧបត្ថម្ភនានា ឱ្យអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាពកន្លងមកនោះ ក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាព សារព័ត៌មាន និងអ្នកសារព័ត៌មានដែលពាក់ព័ន្ធនៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននោះ និងត្រូវ ធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណីនៃការផ្ដល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ជូន មកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ ក្នុងករណីក្រុមហ៊ុនមិនសហការអនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មាន រក្សាសិទ្ធិ ក្នុងការចាត់វិធានការនានាចាំបាច់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឱ្យចុះ ខ្សោយក្រមសីលធម៌វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយ ដែលមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែល ពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕