វិបត្តិ​អ៊ុយ​ក្រែ​ន​ ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​ព្រមាន​ថា កា​រប​រា​ជ័យ​របស់លោក​ខាងលិច​រឿង​អ៊ុយ​ក្រែ​ន អាច​ជះ​ផល​អាក្រក់​ដល់​តៃវ៉ាន់​ផងដែរ​

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រសិនបើ​ប្រទេស​លោកខាងលិច មិនបាន​បំពេញ​តាម​ការសន្យា​របស់ខ្លួន ក្នុងការ​គាំទ្រ​ឯករាជ្យ​ភាព​របស់​អ៊ុយ​ក្រែ​ន​នោះទេ​, លោក​ថា វា​នឹងមាន​ផលវិបាក​ដ៏​អាក្រក់​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ក៏មាន​តៃវ៉ាន់​ផងដែរ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងា​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃទី​១៩ កុម្ភៈ​ម្សិលមិញ​នេះ​។​

​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​អង់គ្លេស​បែបនេះ គឺធ្វើឡើង​ស្របពេល​ដែល​កងទ័ព​រុស្សី​បាន​បង្កើន​ចំនួន​កាន់តែច្រើនៗ​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​។ ទន្ទឹមនឹង​គ្នា​នេះ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ដោយ​កងកម្លាំង​កាំជ្រួច​នុយក្លេអ៊ែរ​ជា​យុទ្ធសាស្ត្រ បើទោះបីជា​រុស្ស៊ី​បាន​ច្រានចោល​ការបារម្ភ​របស់​លោកខាងលិច​ដែលថា ខ្លួន​ត្រៀម​នឹង​វាយលុក​អ៊ុយ​ក្រែ​ន​ក៏ដោយចុះ។​

​សម្រាប់​លោក បូរី​ស ច​ន​សុន “​យើង​មិនដឹង​ច្បាស់​ពីអ្វី​ដែល​លោក​ប្រធានាធិបតី​ពូ​ទីន​មានបំណង​ទេ ប៉ុន្តែ​វា​ប្រផ្នូល​គឺ​អាក្រក់​ណាស់​”​។ លោក សង្កត់ធ្ងន់ថា “​ប្រសិនបើ​អ៊ុយ​ក្រែ​ន​មាន​គ្រោះថ្នាក់ ភាព​តក់ស្លុត​នឹង​បន្ទរ​ជុំវិញ​ពិភពលោក​។ ហើយ​ការ​បន្ទរ​ទាំងនោះ​នឹងត្រូវ​ឮ​នៅ​អាស៊ី​ខាងកើត នឹងត្រូវ​បានឮ​តៃវ៉ាន់​” ។

​លោក បាន​បន្ថែមថា “​មនុស្ស​នឹង​ទាញ​ការ​សន្និដ្ឋានថា​ការឈ្លានពាន​បាន​ត្រូវ​អនុញ្ញាត ហើយ​នោះ​ប្រហែលជា​ត្រឹមត្រូវ​”​។​

​សូម​ជម្រាបជូន​ថា ប្រទេស​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​នៃ​ទឹកដី​របស់ខ្លួន ហើយ​មិនបាន​ច្រានចោល​ការប្រើ​កម្លាំង​ដើម្បី​គ្រប់គ្រង​កោះ​នេះ​ឡើងវិញ ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាំងពី​ឆ្នាំ ១៩៤៩៕​