ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ករណីឆ្លងថ្មីជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានចំនួន ៧៣៦នាក់ (PCR)ដែលសុទ្ធសឹងតែជាប្រភេទអូមីក្រុង។ ក្រសួងថា ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ៧៣០ករណី (អូមីក្រុង) ,ជាសះស្បើយចំនួន ២៩៧នាក់ និងករណីស្លាប់ថ្មីចំនួន២នាក់ (មិនបានចាក់វ៉ា់សាំង)។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២០ កុម្ភៈនេះ។
បើតាមក្រសួង មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៦.៤៨៩នាក់ ,ជាសះស្បើយសរុបចំនួន ១២០.៤៦២នាក់ និងករណីស្លាប់សរុបចំនួន ៣.០១៧នាក់។
ពាក់ព័ន្ធបញ្ហាដែរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីពេលថ្មីៗនេះ បានលើកឡើងថា វីរុសកូវីដ១៩ នៅកម្ពុជា ជាពិសេសពពួកបំប្លែងថ្មី អូមីក្រុង បានគ្របដណ្តប់ស្ទើរតែទាំងស្រុងនៃករណីវិជ្ជមានកូវីដ-១៩នៅកម្ពុជាទៅហើយៗ។ លោកស្រី ថា វីរុសប្រភេទនេះបាននិងកំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍រស់នៅជាមួយនឹងល្បឿនដ៏លឿនទៀតផង។
លោកស្រីវេជ្ជបណ្ឌិត បានព្រមានថា “អញ្ចឹងមិនយូរមិនឆាប់ទេ ការឆ្លងនឹងឡើងដល់បួនខ្ទង់មិនខាន បើបងប្អូនប្រជាពលរដ្ឋយើងនៅតែបន្តមើលស្រាល ធ្វេសប្រហែស និងមិនអនុវត្តវិធានការ០៣ការពារ និង០៣កុំ ឱ្យបានត្រឹមត្រូវទេនោះ”។
សម្រាប់លោកស្រីវេជ្ជបណ្ឌិត “សូមកុំមើលស្រាលវីរុសកូវីដ-១៩ប្រភេទ អូមីក្រុង ព្រោះថាអត្រាឆ្លងកាន់តែ ច្រើនអត្រាសម្រាកពេទ្យក៏កាន់ខ្ពស់ មូលដ្ឋានសុខាភិបាលទប់ទល់លែងជាប់ ច្បាស់ណាស់អត្រាមរណភាពនឹងកើតមាន ហើយវីរុសប្រភេទអូមីក្រុងនេះ បានចាប់ផ្តើមផ្តាច់ជីវិតអ្នកជំងឺជាបណ្តើរៗហើយនៅជុំវិញពិភពលោក បើទោះជាកម្ពុជា មិនទាន់មានពិតមែន ប៉ុន្តែក៏មិនត្រូវធ្វេសប្រហែសនោះដែរ”៕