ភ្នំពេញ៖នគរបាលចរាចរណ៍រាជធានីភ្នំពេញ បានសម្រេចផាកពិន័យ គបាលការពារបេតិកភណ្ឌមួយរូបចំនួន១៥០០០០រៀល និងដក៣ពិន្ទុ បន្ទាប់ពីបើកថយន្តពាក់ផ្លាកលេខ នប បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម។
សេចក្តីបំភ្លឹរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែតុលា នេះ ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានតាមរយៈបណ្ដាញ TikTok បានធ្វើការបង្ហោះផ្សព្ធផ្សាយកាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឲ្យស្រាវជ្រាវករណីនេះជាបន្ទាន់ ចំពោះ ករណីរថយន្តពាក់ផ្លាកលេខ នប បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម
ក្រោយមកជំនាញធ្វើការស្រាវជ្រាវរហូតដល់នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣៥នាទី បានរកឃើញអ្នកបើកបររថយន្តល្មើសម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 4365 បើកបរដោយលោក គង់ សុខា នាយរងការិយាល័យនរគបាលការពារបេតិកភណ្ឌ។ បន្ទាប់មកលោក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកោះហៅអ្នកបើកបរល្មើស យកមកសាកសួរ និងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម នូវទឹកប្រាក់ចំនួន១៥០០០០រៀល និងដក៣ពិន្ទុ។
ខណៈនោះក៏បានសុំគោលការណ៍ពីលោក ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ឱ្យលោក គង់ សុខា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រូវបញ្ឈប់សកម្មភាពទាំងឡាយណាដែលជាអំពើខុសច្បាប់បង្កឱ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ៕