មណ្ឌលគីរី៖នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានទឹកប្រាក់សរុបចំនួន ៥៤,៥៨៧ ដុល្លារ ស្មើនឹង៤០% នៃទុនវិនិយោគសរុបសម្រាប់ការអនុវត្តរយៈពេល៣ឆ្នាំ (២០២៣ -២០២៥) ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មម្រេចសរីរាង្គ។នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា CASDP។
កិច្ចព្រមព្រៀងនេះធ្វើឡើង ប្រព្រឹត្តិទៅនៅស្នាក់ការសហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគីរី ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានគណៈកម្មការតម្រង់ទិសគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងមានការអញ្ជើញចូលរួមដោយ លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី លោក គ្រី សុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌគីរី មន្រ្តីគម្រោង ទីប្រឹក្សា និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានាឱកាសនោះ។
ការផ្ដល់ហិរញ្ញប្បទាននាពេលនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយធនាគារពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលសហគមន៍កំពុងជួប្រទះមានជាអាទ៍រួមមាន៖ខ្វះខាតបច្ចេកទេស និងនវានុវត្តន៍ទំនើបជួយដល់ការបង្កើនផលិកម្មម្រេចសរីរាង្គ, មិនទាន់មានទុនគ្រប់គ្រាន់សម្រាប់ពង្រីកអាជីវកម្មឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, ខ្វះសម្ភារៈ និងឧបករណ៍កសិកម្ម ដើម្បីជំរុញផលិតកម្មម្រេចសរីរាង្គ, ខ្វះផ្លូវដឹកជញ្ជូនកសិផលម្រេចចេញពីទីតាំងចម្ការទៅផ្លូវជាតិ។
តាមរយៈកិច្ចព្រមព្រៀងនេះដែរ សហគមន៍មានផែនការធុរកិច្ចជាក់លាក់ចំនួន៣រួមមាន៖ទី១ លើកកម្ពស់ការចូលរួមរបស់សមាជិកសហគមន៍ជាផលិតករឱ្យទទួលបាននូវការគាំទ្រទាំងទុនវិនិយោគ និងមានស្ថិរភាពផ្នែកទីផ្សារ, ទី២ ពង្រីកបរិមាណលក់ម្រេចសរីរាង្គឱ្យបានពី១០០តោននៅឆ្នាំ២០២៣ និងកើនដល់ ១១០ តោននៅឆ្នាំ២០២៤ និងនៅឆ្នាំ២០២៥ ចំនួន ១២០តោន និងទី៣ បង្កើតឱកាសការងារចំនួន១៦នាក់កម្រិតសហគមន៍ និង២២នាក់កម្រិតកសិដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់អាហារូបត្ថម្ភ និងលប់បំបាត់វិសមភាពយេនឌ័រក្នុងសហគមន៍។ ជាមួយគ្នានេះ សហគមន៍ក៏នឹងទទួលបានផ្លូវកសិកម្មចំនួនពីរខ្សែរ ដែលមានប្រវែងសរុបចំនួន៣,៦០ គីឡូម៉ែត្រ ទៅជាផ្លូវ DBST៕