ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំក៏ដូចជាបញ្ជា ឱ្យអភិបាលរាជធានី-ខេត្ត ទាំងអស់ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ត្រៀមបញ្ចេញស្បៀងអាហារ សម្ភារៈបរិក្ខាចាំបាច់នានា ទុកជាមុន ដើម្បី ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ឱ្យបានទាន់ពេលវេលា។
តាមរយៈសារសម្លេង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេច បានថ្លែងថា «ជូនចំពោះថ្នាក់ដឹកនាំ ក្រសួងស្ថាប័នថ្នាក់ជាតិនិងអភិបាល-រាជធានីខេត្ត និងបណ្ដាលកងកម្លាំងប្រដាប់អាវុធ ដោយសារបញ្ហាទឹកជំនន់ បានកើតឡើងនៅក្នុងប្រទេសរបស់យើង ហើយមានប៉ះពាល់ទៅដល់បណ្ដាលខេត្តមួយចំនួន។ ខ្ញុំសូមឱ្យឯកឧត្តមលោកជំទាវ អភិបាល-រាជធានីខេត្តទាំងអស់ គឺត្រូវក្ដាប់ឱ្យជាប់ តាមដានឱ្យជាប់ និងដោះស្រាយឱ្យទាន់ពេលវេលា នៅក្នុងករណីដែលមានបញ្ហាទឹកជំនន់ ដែលប៉ះពាល់នៅក្នុងតំបន់ ទទួលខុសត្រូវរបស់ខ្លួន។ ជាពិសេសយកចិត្តទុកដាក់ទៅលើការជួយសង្រ្គោះ ប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់»។
សម្ដេចបន្តថា នៅក្នុងដំណាក់នេះ ត្រូវមានការត្រៀមរៀបចំកម្លាំង ឬមធ្យោបាយ និងសម្ភារៈ ដើម្បីត្រៀមលក្ខណៈរួចជាស្រេច ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់។
ជាមួយគ្នានោះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យលោកគន់ គីម ដែលជាប្រធានអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យបន្តតាមដានពីបញ្ហាគ្រោះទឹកជំនន់ឱ្យបានជាប់ ហើយត្រូវសហការជាមួយ អភិបាលរាជធានី-ខេត្ត ក្នុងការត្រៀមនូវមធ្យោបាយអន្តរាគមន៍ សង្រ្គោះបន្ថែម នៅក្នុងករណីដែល អភិបាលរាជធានីខេត្តត្រូវការជំនួយ។
លើសពីនេះទៀតសម្ដេច ក៏បានបញ្ជាឱ្យខាងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានការត្រៀមលក្ខណៈដូចគ្នា ដើម្បីចុះជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះផងដែរ។ ជាងនេះទៅទៀត សម្ដេច ហ៊ុន ម៉ាណែត ក៏បានបញ្ជារឱ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យត្រៀមបញ្ចេញស្បៀងអាហារ សម្ភារៈបរិក្ខាចាំបាច់នានា ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារទឹកជំនន់ នៅក្នុងករណីមានការស្នើសុំ ពីអភិបាលរាជធានី-ខេត្ត។
ក្នុងឱកាសនោះដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បញ្ចេញនូវស្រូវពូជ ឬក៏សម្ភារៈផ្សេងៗ ដើម្បីត្រៀមយកទៅចុះចែកជូនប្រជាកសិករ ក្នុងករណី ដែលមានការរងគ្រោះ ផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរ ដោយសារទឹកជំនន់នេះ៕