ភ្នំពេញ៖កម្លាំងការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង និងកម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីក្លែងបន្លំ ធ្វើជាសមត្ថកិច្ចកងរាជអាវុធហត្ថផង ជាមន្រ្តីនគរបាលផង និងមេធាវីផង ជាអាជីព ដើម្បីដើរឆបោកប្រាក់ ពីជនរងគ្រោះជាច្រើន តាមរយៈបណ្តាញសង្គម តេឡេក្រាម និងហ្វេសបុក។
ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ផ្ទះលក់កាហ្វេ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។អាជ្ញាធរមានសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ ផៅ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ។
អាជ្ញាធរបន្តថា ជនសង្ស័យបានសារភាពថា កន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គម ហ្វេសប៊ុក និង ប្រព័ន្ធតេឡេក្រាម បានសម្រេចចំនួន៧លើក រួចមកហើយ ក្រោមរូបភាព យករូបជាសមត្ថកិច្ច កងរាជអាវុធហត្ថ, នគរបាល និងមេធាវី មកដាក់តាំងនៅលើ ប្រូហ្វាល់តេឡេក្រាម របស់ខ្លួន រួមមាន ៖ ឈ្មោះ CHAN SEIHA ប្រើលេខ ទូរស័ព្ទ ០៩៦ ៧៥៧ ៧៩១៩, ឈ្មោះ CHAN THY ប្រើលេខ ទូរស័ព្ទ ០៦០ ៤១១ ៦៦០, តាំងរូបក្លែងជាមេធាវីប្រើលេខទូរស័ព្ទ ០១៦ ៦២២ ៣៣៧ និងរូបគណនីផ្ទាល់ខ្លួន មានឈ្មោះ PHIL LIP ហើយហ្វេសប៊ុករបស់ខ្លួនផ្ទាល់ឈ្មោះ PHILLIPS PN ដោយដាក់តាំងរូបជាជនបរទេស ដើម្បីចូលទៅតាមដាននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង គ្រុបតេឡេក្រាម ជាដើម ប្រសិនបើមានជនរងគ្រោះណា ផុសព័ត៌មាននៅក្នុងបណ្តាញសង្គមទាំងនោះថាមាន ករណីបាត់ឆ្កែ, បាត់ម៉ូតូ ឬ ចោរឆក់ទូរស័ព្ទ នោះរូបខ្លួននឹងធ្វើការទំនាក់ទំនងទៅសុំលេខទូរស័ព្ទ និងតេឡេក្រាម ពីជនរងគ្រោះ ដើម្បីឆាតទៅសួរនាំជនរងគ្រោះពីរឿងហេតុ រួចខ្លួនបាន ឲ្យពួកគាត់វេរប្រាក់ ដើម្បីជួយស្រាវជ្រាវ រករបស់ដែលបានបាត់ ហើយខ្លួនបានឲ្យជនរងគ្រោះ ផ្ញើប្រាក់តាមរយៈសេវាវីង និង ABA របស់ខ្លួនផ្ទាល់ ដែលមានលេខ 006 095 596 និងមានគណនីឈ្មោះ PHANITH PHAO ។ ជនសង្ស័យបន្ថែមទៀតថា ខ្លួនបានប្រព្រឹត្តអំពើទាំងនេះតែម្នាក់ឯងនោះទេ ដោយពុំមានបក្ខពួកណាចូលរួមឡើយ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕