ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅត្រង ចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ដោយសារ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ។
រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងថា «សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ទាំងអស់មេត្តាជ្រាបថា៖ គិតត្រឹមម៉ោង០៩ និង៣០នាទីព្រឹកនេះ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា»។
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ដូច្នេះដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តសូមធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន។ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន៕