កម្ពុជា​ និង អង្គការសហប្រជាជាតិ ពិភាក្សាលើសេចក្តីព្រាង ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨

ភ្នំពេញ៖ លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)  នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានទទួលដឹកនាំកិច្ចប្រជុំរួមគ្នា ជាមួយ លោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (UNRC) ពិភាក្សា លើសេចក្តីព្រាង ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨ (UNSDCF ឬក្របខណ្ឌ កិច្ចសហប្រតិបត្តិការ (Cooperation Framework) ។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សា និងផ្តល់សុពលភាពលើសេចក្តីព្រាងក្របខណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨ ដែលប្រព័ន្ធអង្គការសហប្រជាជាតិ បានរៀបចំ និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីសិក្ខាសាលាស្ដីពីចក្ខុវិស័យ និងការកំណត់ យុទ្ធសាស្ត្រអាទិភាព កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ។

ក្នុងកិច្ចប្រជុំនេះ លោក ឈៀង យ៉ាណារ៉ា  បានមានប្រសាសន៍ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០២៤៨-២០២៨ បានកំណត់នូវវិស័យអាទិភាពរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ និងផ្អែកលើគោលជំហរក្នុងការគាំទ្ររាជរដ្ឋាភិបាល ក្នុងការងារសង្គម និងសេដ្ឋកិច្ច ការត្រៀមចាកចេញពី ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក ឈៀង យ៉ាណារ៉ា បន្តថា ក្របខណ្ឌ កិច្ចសហប្រតិបត្តិការបានផ្តោតសំខាន់លើលទ្ធផលគន្លឹះ ចំនួន ៤ រួមមាន ១) ការអភិវឌ្ឍន៍មូលធនមនុស្ស, ២) ការជម្រុញកំណើនសេដ្ឋកិច្ច, ៣) កិច្ចការពារបរិស្ថាន និង ៤) បរិវត្តកម្មសង្គម ដែលត្រូវបានតម្រឹមយ៉ាងល្អ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

លោកទេសរដ្ឋមន្ត្រីរូបនេះ  ក៏បាន វាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការរៀបចំសេចក្តីព្រាងក្របខណ្ឌកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨ និងការសហការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាល ព្រមទាំងបានផ្តល់អនុសាសន៍ជាយុទ្ធសាស្ត្រមួយចំនួនបន្ថែមទៀតទៅលើសេចក្តីព្រាងក្របខណ្ឌ កិច្ចសហប្រតិបត្តិការ ។

អង្គការសហប្រជាជាតិបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាល និង ភាគីពាក់ព័ន្ធផ្សេងៗទៀត នៅក្នុងដំណើរការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៨-២០២៨ ។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះនឹងត្រូវចុះហត្ថលេខាជាផ្លូវការ រវាងប្រព័ន្ធអង្គការ សហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា នៅចុងខែតុលា។

អង្គការសហប្រជាជាតិទន្ទឹងរង់ចាំក្នុងការបន្ត កសាងភាពជាដៃគូដ៏ទូលំទូលាយជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត នៅពេលដែលក្របខណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨ ត្រូវបានអនុវត្ត ។

កិច្ចប្រជុំបានដំណើរការដោយជោគជ័យ ក្នុងស្មារតីភាពជាដៃគូ ដោយអង្គប្រជុំបានឯកភាពជាគោល ការណ៍លើសេចក្តីព្រាងក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨៕