សម្តេច ហ៊ុន ម៉ាណែត ៖ ការចុះបញ្ជីរមណីដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោកនេះ គឺជាកិត្យានុភាពថ្មីមួយទៀតរបស់កម្ពុជាក្នុងឆាកអន្តរជាតិ

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការចុះបញ្ជីរមណីដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ កញ្ញានេះ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាកិត្យានុភាពថ្មីមួយទៀតរបស់កម្ពុជាក្នុងឆាកអន្តរជាតិ។

យោងតាមសារលិខិតចុះថ្ងៃទី១៧ កញ្ញានេះ របស់សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា មហាសមិទ្ធផលខាងលើនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងដោយវរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាពដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការស្វះស្វែងនាំមកជូនប្រជាជនកម្ពុជានូវការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនាដែលជាមូលដ្ឋាននៃការកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យ។

DCIM103MEDIADJI_0487.JPG

ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត ក៏អរគុណផងដែរ ចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការយូណេស្គូ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ រមណីយដ្ឋានប្រាសាទកោះកេរ ហើយបានគាំទ្រសំណើរបស់កម្ពុជា ចុះតំបន់ប្រាសាទនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាផលប្រយោជន៍របស់មនុស្សជាតិទាំងមូល។

សូមជម្រាបថា ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ។ លក្ខណៈពិសេសរបស់ប្រាសាទកោះកេរ គឺមានប្រាសាទពីរ៉ាមីត ដែលជាប្រាសាទល្អឯកមួយក្នុងប្រទេសកម្ពុជា។ បន្ថែមពីនោះ ចម្លាក់នៅក្នុងប្រាសាទកោះកេរគឺជាចម្លាក់ទោល មិនជាប់នឹងជញ្ជាំងប្រាសាទដូចនៅប្រាសាទអង្គរវត្តឡើយ ហើយចម្លាក់មានលក្ខណៈធំៗជាងនៅប្រាសាទអង្គរ៕