លោក ប៉ែន បូណា៖ ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនគឺជាជម្រើសសមស្របតាមភូមិសាស្ត្រនិងផលប្រយោជន៍ជាតិ

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើឡើងថា  ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ទៅកាន់ប្រទេសចិនគឺជាជម្រើសសមស្របតាមភូមិសាស្ត្រនិងផលប្រយោជន៍ជាតិ។

ខាងក្រោមនេះ គឺជការលើកឡើងរបស់លោក ប៉ែន បូណា៖

ទី១៖ ព្រះរាជាណាចក្រកម្ពុជាប្រកាន់យកគោលនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។ កម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាងនិងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។ នេះគឺជាខ្លឹមសារមាត្រា៥៣នៃរដ្ឋធម្មនុញ្ញដែលបញ្ជាក់ច្បាស់អំពីបន្ទាត់នយោបាយការបរទេសឥតប្រែប្រួលរបស់កម្ពុជា។ គឺជានយោបាយការបរទេសបែបចម្រុះពណ៌ដ៏សមស្របបំផុតសម្រាប់ស្ថានភាពជាក់ស្តែងរបស់កម្ពុជាក៏ដូចជាសមស្របទៅនឹងបរិបទពិភពលោក។

ទី២៖ ដំណើរទស្សនកិច្ចរបស់សម្តេច នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសចិនពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ ២០២៣ គឺជាជម្រើសសមស្របបំផុតបើគិតអំពីភូមិសាស្ត្រនិងផលប្រយោជន៍សេដ្ឋកិច្ចពីព្រោះចិនគឺជាប្រទេសជិតខាងក្នុងតំបន់ ជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោកនិងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។

ទី៣៖ ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិនសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អនិងស្អិតល្មួតរវាងប្រទេសនិងប្រជាជនទាំងពីរ។ ស្នូលនៃទំនាក់ទំនងដ៏ល្អនេះគឺឈរលើស្មារតីមិត្តភាពស្មើមុខមាត់គ្នា ផ្តល់តម្លៃឲ្យគ្នា គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។

ទី៤៖ ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនមិនមែនមានន័យថា កម្ពុជាបោះបង់ប្រទេសដទៃនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជារីករាយស្វាគមន៍និងរាប់អានមិត្តបរទេសគ្រប់ទិសទីដោយមិនប្រកាន់ថា ប្រទេសតូចឬធំ មានឬក្រឡើយ ពោលគឺកម្ពុជាផ្តល់តម្លៃជាមិត្តភាពស្មើៗគ្នាជាមួយបណ្តាបរទេសទាំងអស់ក្នុងពិភពលោក និងក៏ប្រាថ្នាចង់បានមកវិញនូវការផ្តល់តម្លៃបែបនេះដូចគ្នាដែរពីសំណាក់មិត្តបរទេសក្នុងនាមជារដ្ឋអធិបតេយ្យមួយ។

ទី៥៖ បច្ចុប្បន្ន ប្រទេសនានាក្នុងពិភពលោកសុទ្ធតែមានទំនាក់ទំនងជាមួយចិននិងប្រាថ្នាចង់ឲ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរឡើងដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ដូច្នេះ កម្ពុជាដែលជាប្រទេសតូចមួយក្នុងតំបន់ក្បែរខាងចិនក៏ត្រូវពូនជ្រុំទំនាក់ទំនងល្អជាមួយចិនដើម្បីផលប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរ។ នេះគឺជាជម្រើសដ៏ឆ្លាតវៃនិងសមស្របបំផុតសម្រាប់កម្ពុជានិងមិនធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រទេសណាមួយឡើយ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចហ៊ុន ម៉ាណែត ទៅកាន់ប្រទេស​ដែល​គេ​ប្រសិទ្ធនាម​ជាមហាយក្ស​តំបន់ និងពិភពលោកមួយនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់​លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងចាប់ពីថ្ងៃ​ទី​១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្តេច ហ៊ុន ម៉ា​ណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជន​ជាច្រើនរូប​ផង​ដែរ។

ក្នុងដំណើរទស្សនកិច្ចដែលបង្ហាញឱ្យឃើញពីនយោបាយពូនជ្រុំចំណងមិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀតនេះ សម្តេច ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្តែងការគួរ​សម​និងពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក ចាវ ឡឺជី ប្រធាន​សភា​តំណាងប្រជាជនចិន។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនទាំងពីររូបនេះ នឹងមានកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍​វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិស​ដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្ដល់​ផល​ប្រយោជន៍រួម។

ជាមួយគ្នានោះ សម្តេចហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង នាយករដ្ឋ​មន្ត្រី​ចិន អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី​ទាំង​ពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិ​ការ​មួយ​ចំនួន​ផងដែរ។

ក្រៅតែពីការបំពេញទស្សនកិច្ចជាផ្លូវការហើយនោះ សម្តេច ហ៊ុន ម៉ាណែត ក៏​នឹងអញ្ជើញចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ ពីថ្ងៃទី១៦ ដល់១៧ ខែកញ្ញា នៅ​ទីក្រុង​​ណាននីង តំបន់ស្វយ័តក្វាងស៊ីផងដែរ។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន​នាពេល គឺចំពេលដែលកម្ពុជា និងចិន កំពុងប្រារព្ធខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនង​ការ​ទូត និងឆ្នាំមិត្តភាពនៃប្រទេសទាំងពីរ។ ដូច្នេះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នឹងពង្រឹង​បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ ដំ

ណើរទស្សនកិច្ចនេះ ក៏នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ច​សហ​ការ​លើវិស័យជាច្រើនក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ ទៅ​វិញ​ទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕