អ្នកចម្រៀង ប៊ុត សីហា និងបក្ខពួកម្នាក់ទឪត ត្រូវបានចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

កំពង់ស្ពឺ៖ អ្នកចម្រៀង ប៊ុត សីហា ដែលមានឈ្មោះបោះសម្លេង ថែមទាំងប្រឡងជាប់ចំណាត់ថ្នាក់លេខ១ផងនោះ រួមជាមួយបក្ខពួកម្នាក់ទៀតត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនជាមួយនិងគ្រឿងញៀនមួយចំនួនតកាលពីវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ច ឱ្យដឹងថា  ជនសង្ស័យទាំង២នាក់ ទី០១-ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី និងទី០២-ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ ២៩ឆ្នាំ(ដែលគេស្គាល់ច្បាស់ថាជាអ្នកចម្រៀងប្រឡង ជាប់លេខ១ក្នុងកម្មវិធីទូរទស្សន៍ល្បីមួយ) រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបន្តទៀតថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបានគឺកម្លាំងនគរបាលស្រុកល្បាតតាមមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់មានការសង្ស័យសួរនាំឆែកឆេរ ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ ក្នុងនោះ(៣តូច និង២មធ្យម), ទូរស័ព្ទ៣ គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ននេះក្រុមជនសង្ស័យរួមជាមួយវត្ថុតាងការិយាល័យជំនាញ កំពុងកសាង សំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕