លោក នុត សុខុម ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹងចាប់ផ្តើម​ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣

ភ្នំពេញ៖ លោក នុត សុខុម អនុប្រធាន គ.ជ.ប  បានអះអាងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹងចាប់ផ្តើម​ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣  ដើម្បី អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះ និង ផ្លាស់ប្តូរទីលំនៅ អាចចុះឈ្មោះ ជាពិសេស ពលរដ្ឋដែលមានទិន្នន័យមានភាពមិនប្រក្រតីអាចកែតម្រូវបាននាអំឡុងពេលនេះ។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី ១២ ខែកញ្ញា នេះ លោក នុត សុខុម បញ្ជាក់ថា « ដូចដែលយើងបានធ្វើជារៀងរាល់ឆ្នាំ ស្របតាមច្បាប់ ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោ​ត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោត​អចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជី​​​​បោះឆ្នោ​ត​មានគុណភា​ព​ខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញា​ណ​​របស់អ្នកបោះឆ្នោត»។


លោកបន្ថែមថា៖«ដើម្បីធានាឱ្យបានជោគជ័យលើការងារនេះ គ.ជ.ប បានរៀបចំ ចាត់ចែង និងដាក់ចេញនូវសកម្មភាពជាច្រើនតាមដំណាក់កាលនីមួយៗនៃការពិនិត្យបញ្ជីឈ្មោះ និ​ង​ការចុះឈ្មោះបោះឆ្នោត ដោយផ្អែកតាមច្បាប់ បទបញ្ជា និងនីតិវិធី និងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ​​​និងការចុះឈ្មោះបោះឆ្នោត ។

លោកបញ្ជាក់ទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំនៅ​ក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា មានការវិវឌ្ឍល្អប្រសើរ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានអត្រាអ្នកបោះឆ្នោតខ្ពស់ គឺ ៨៤,៥៩ (ប៉ែតសិបបួនក្បៀសហាសិបប្រាំបួន) ភាគរយ និងក្រោយពេលដែលរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើ​ត និងចូលកាន់តំណែងក្នុងពេលថ្មីៗកន្លងទៅ ។

លោកថ្លែងថា៖«កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនេះហើយ ដែលធ្វើឱ្យ គ.ជ.ប មាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំចាត់ចែងដំណើរការពិនិត្យបញ្ជីឈ្មោះ និ​ង​ចុះឈ្មោះ
បោះឆ្នោតនាពេលខាងមុខនេះ។ ក្នុងនោះការងារមួយចំនួនយើងបានអនុវត្តរួចរាល់ ហើយការងារមួយចំនួនទៀត យើងត្រៀមនឹងអនុវត្តជាបន្តបន្ទាប់»៕