ភ្នំពេញ៖ ជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើល គឺថា កម្ពុជានឹងរៀបចំឱ្យមានការធ្វើលិខិតឆ្លងដែនជូនពលករខ្មែរនៅកូរ៉េខាងត្បូង ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់ និងកាត់ការចំណាយពេលវេលា លុយកាក់ ក្នុងការមកធ្វើលិខិតឆ្លងដែននៅក្នុងប្រទេស នៅពេលដែលលិខិតឆ្លងដែនចាស់ផុតសុពលភាពនោះ។ នេះបើតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៩ កញ្ញានេះ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនៅព្រឹកថ្ងៃទី៩ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចបានសម្រេចអនុញ្ញាតឱ្យមានការរៀបចំដើម្បីធ្វើលិខិតឆ្លងដែននៅក្រៅប្រទេសតែម្តងដោយចាប់ផ្តើមនៅកូរ៉េមុនគេ ដើម្បីកាត់បន្ថយការលំបាកដល់បងប្អូនពលករយើងនៅទីនោះ។
ទន្ទឹមនឹងគ្នានេះដែរ ដើម្បីពង្រឹងនូវការគ្រប់គ្រងទិន្និន័យ និងសន្តិសុខនោះ សម្តេចធិបតី ក៏ប្រកាសពីការបង្កើតការិយាល័យអនុព័ន្ធមួយដោយមានការបញ្ជូនមន្រ្តីអត្តសញ្ញាណ និងបង្កើតប៉ុស្តិ៍អចិន្រ្តៃយ៍នៅប្រទេសកូរ៉េដើម្បីធ្វើកិច្ចការងារនេះតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបង្កើតយន្តការបែបនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយការលំបាកបងប្អូនពលករដែលត្រូវជិះយន្តហោះមកធ្វើលិខិតឆ្លងដែនដែលអាចធ្វើឱ្យប៉ះពាល់ដល់ការងាររបស់បងប្អូនក្នុងការបាត់បង់ភាពស្របច្បាប់នៅពេលដែលការធ្វើលិខិតឆ្លងដែននេះមានការយឺតយ៉ាវនោះ៕