ឃាត់ខ្លួនបុគ្គលិកបម្រើការងារនៅហាងស្រាក្រឡុកសួនមានជ័យ និងបុគ្គលិកបម្រើការងារនៅហាង សាច់អាងទឹកកាពិ និងស៊ុបសុីឈ័ន ដេញកាប់គ្នា

បន្ទាយមានជ័យ៖ ករណីក្មេងស្ទាវ ២ក្រុមដេញកាប់គ្នា នៅវេលាម៉ោង២ ឈាងចូលម៉ោង ៣ទាបភ្លឺ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចទីតាំងស្រាក្រឡុក ទល់មុខបបរសក់វែង សួនមានជ័យ(វេទិកាខេត្ត) ត្រូវបានសមត្ថកិច្ចបន្ទាយមានជ័យឃាត់ខ្លួនមួយចំនួន។

ដោយមានការបញ្ជាផ្ទាល់ពីលោក សិទ្ធ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងមើងម៉ាត់ ដល់លោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ធ្វើការដឹកនាំចុះស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនបានជនដៃដល់ ជាជនបង្កមួយក្រុមទៀត រួមជាមួយវត្ថុតាងមួយចំនួន នៅវេលាម៉ោង ៦:០០នាទីព្រឹកនាថ្ងៃកើតហេតុខាងលើ ដែលបានរត់គេចខ្លួនសម្ងំនៅទីតាំងផ្ទះជួលមួយកន្លែងនៅទីតាំងផ្លូវលេខ៥ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា៖ ក្នុងករណីក្មេងស្ទាវកាប់គ្នាទាំងពីរក្រុមនេះសមត្ថកិច្ចបានធ្វើស្រាវជ្រាវឃើញ៖ក្រុមទី១,ជាបុគ្គលិកបម្រើការងារនៅហាងស្រាក្រឡុកសួនមានជ័យ(វេទិការខេត្ត) ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ក្រុមទី២,ជាបុគ្គលិកបម្រើការងារនៅហាង សាច់អាងទឹកកាពិ និងស៊ុបសុីឈ័ន ផ្លូវលេខ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីភ័ណ។

ជាមួយគ្នានឹងការចុះឃាត់ខ្លួននោះលោក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បាននាំខ្លួនជនបង្កជាជនដៃដល់យកទៅមូលដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំស្រាវជ្រាវរកបក្ខពួកបន្ត និងចាត់ការតាមនីតិវិធីច្បាប់៕