លោក ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ

ភ្នំពេញ: ក្រៅពីភាពជោគជ័យខាងនយោបាយការទូតនិងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះ។

បើតាមលោក ប៉ែន បូណា ចំណុចទាក់ទាញរបស់សម្តេចនាយករដ្ឋមន្ត្រីជារួមមាន៖

ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេច ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។

ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយានិងសីលធម៌លដ៏ល្អសមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់គ្នាឲ្យសម្លឹងតួអង្គសម្តេចហ៊ុន ម៉ាណែត មិនដាក់ភ្នែក។

ទី៣៖ សមត្ថភាពនិងភាពជឿជាក់លើខ្លួនឯងគឺជាចន្ទល់ដ៏រឹងមាំដែលធ្វើឲ្យសម្តេចអាចបំពេញបេសកកម្មការទូតបានយ៉ាងល្អលើសពីការស្មានសូម្បីតែជាការចាប់ផ្តើមលើកដំបូងក៏ដោយ។

ទី៤៖ មេដឹកនាំបន្តវេននិងវ័យក្មេងរបស់កម្ពុជាក៏បានបង្ហាញឲ្យឃើញពីសមត្ថភាពការទូតដ៏ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាពសម្រាប់តំបន់និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន។

ភាពទាក់ទាញទាំងនេះហើយដែលធ្វើឲ្យក្រសែភ្នែករបស់មេដឹកនាំអាស៊ាន ក៏ដូចជាមេដឹកនាំផ្សេងទៀតដែលអញ្ជើញមកចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សាការតាមិនអាចរំលងពីតារារបស់កម្ពុជាបានឡើយ។ ក្នុងសុន្ទរកថា ថ្លែងក្នុងជំនួបកំពូលអាស៊ាន មេដឹកនាំក្នុងតំបន់ទាំងអស់សុទ្ធតែសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។

កំឡុងពេលចូលរួមកិច្ចប្រជុំនានានៅហ្សាការតា សម្តេចថ្លែងសុន្ទរកថាដល់ទៅ ១២លើក និងបន្ថែមដោយជំនួបទ្វេភាគីចំនួន ១៣ លើក។ ជាកិច្ចការងារដ៏ច្រើន ប៉ុន្តែ មិនហួសពីសមត្ថភាពរបស់ប្រមុខដឹកនាំថ្មី វ័យក្មេងដែលមានឆន្ទៈខ្ពស់និងពោរពេញដោយភាពជឿជាក់លើខ្លួនឯងនោះឡើយ។

ចំណែកអ្នកតាមដានព្រឹត្តិការណ៍តាមកញ្ចក់ទូរទស្សន៍ឬបណ្តាញសង្គមឯណេះវិញ ពួកគេក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតួអង្គអវតារថ្មីរបស់សម្តេចតេជោដែរ។ សម្រាប់ជនបរទេសគឺពួកគេចង់ឃើញមុខមាត់និងសមត្ថភាពនាយករដ្ឋមន្ត្រីថ្មីកម្ពុជា ខណៈដែលពលរដ្ឋខ្មែរចង់តាមដានសកម្មភាពមេដឹកនាំថ្មីរបស់ខ្លួនដែលទើបតែចេញបំពេញបេសកកម្មលើកដំបូងនៅក្រៅប្រទេស។ សកម្មភាពដ៏លេចធ្លោរបស់សម្តេចធិបតី បានធ្វើឲ្យមោទនភាពជាតិផុសឡើងដោយមិនដឹងខ្លួនក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។

តាមរយៈព្រឹត្តិការណ៍នៅហ្សាការតា សាធារណមតិជាតិនិងអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ពីសមត្ថភាពនិងភាពប៉ិនប្រសប់របស់អ្នកបន្តវេននាយករដ្ឋមន្ត្រីនៅកម្ពុជា។

សរុបមកវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាតារាថ្មីរបស់កម្ពុជាដែលរះយ៉ាងចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់យកបេះដូងពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន៕